ភ្នំពេញ ៖ អតីតបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ប៉ុនប៉ងឃាតកម្ម» យកដែកស្រួចចាក់បុរសម្នាក់បណ្ដាលអោយមានរបួសធ្ងន់ធ្ងរ ។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ឈ្មោះ សេន អាត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅចំណុចផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រឿងក្ដីប៉ុនប៉ងធ្វើឃាតកម្មនេះត្រូវបានលោកស្រីចៅក្រម គឹម សុគន្ធា និងលោកស៊ន មុនី ជាតំណាងអយ្យការលើកយកមកបើកសវនាការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ និងសម្រេចប្រកាសសាលក្រមនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ។
នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានយកដែកស្រួចចាក់ទៅលើជនរងគ្រោះមែន ដោយសារជនរងគ្រោះមកលួចយកអីវ៉ាន់ពីកន្លែងខ្លួនយាមច្រើនដងមកហើយ លុះមកដល់ច្ងៃកើតហេតុខ្លួនទាន់កំពុងលួចទៀតក៏មានការប្រតាយប្រតប់គ្នាហើយខ្លួនក៏ចាក់ជននោះមួយដែកស្រួចបណ្ដាលអោយមានរបួសទៅ នៅចំណុចការាសសាំងPTT ផ្លូវលេខ៣៧១ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី ។
ជនរងគ្រោះឈ្មោះ យាន ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៧០៥ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេតចាយ ។
ក្រោយកើតហេតុក៏ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនឡើងតុលាការឃុំខ្លួនដល់បច្ចុប្បន្ន ៕
ដោយ ៖ រ៉ារ៉ា