ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅប៉ុន្មានម៉ោងចុងក្រោយនេះនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពិនិត្យឃើញមានអ្នកលេងបណ្តាញព័ត៌មានសង្គមមួយចំនួនបានយករូបភាពតាមកាមេរ៉ាសុវត្ថិភាព០១ឃ្លីប មកបង្ហោះស៊ែរចែករំលែកតគ្នាៗលើករណីហិង្សា០១ដែលបានកើតឡើងរវាងក្រុមក្មេងទំនើង០២ក្រុមបានវាយកាប់គ្នាប្រើប្រាស់ដំបង កាំបិតបុ័ងតោនៅចំណុចខាងមុខផ្ទះសំណាក់៣$ ទល់មុខផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង០២:៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
ករណីហិង្សានេះបានបង្កឱ្យមានអ្នករងរបួស០២នាក់៖
ទី១-បុរសម្នាក់ជាប្រជាការពារត្រូវបានក្រុមជនបង្កកាប់ត្រូវបណ្តាលឱ្យរងបួសខណៈជនរងគ្រោះទៅឃាត់ក្រុមក្មេងទំនើងកំពុងឈ្លោះគ្នា។ ដោយឡែកអ្នករងរបួសទី២-ជាក្មេងទំនើងបក្ខពួកក្រុមជនបង្កដែលត្រូវបានបក្ខពួករបស់ខ្លួនកាប់ត្រូវដាច់ម្រាមដៃ០៣ ដោយសារតែកាប់គូសត្រូវខុសបែរមកត្រូវគ្នាឯង។
ចំពោះករណីហិង្សាខាងលើក៏សូមបញ្ជាក់ថា៖ ក្រោយកើតហេតុនោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឧត្តមសេនីយ៍ទោ ហេង រតនា និងលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ឯក ម៉ន វុទ្ធី ដើម្បីដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាប។
បន្ទាប់មកជនសង្ស័យចំនួន០៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ហើយក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ។
ការបកស្រាយបំភ្លឺជូនសាធារណជន គឺដើម្បីកុំឱ្យមានការភាន់ច្រឡំថា ហេតការណ៍នេះទើបតែកើតឡើងថ្មីៗ។ ការណ៍ពិតករណីនេះដែលភ្ជាប់មកជាមួយរូបភាពកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្រ្កាបបានជនបង្ក០៤នាក់ជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ មកម្ល៉េះ។ខ្លឹមសារដូចបានបញ្ជាក់ជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ សុខាសែនជ័យ