ព័ត៌មានទាន់ហេតុការណ៍៖

នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ធ្វើអត្តឃាតដោយចងកសង្ស័យមានវិបត្តិផ្លូវចិត្ត

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ម្នាក់បានចង.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល ខណៈមិនឃើញទៅធ្វើការនៅវេលាម៉ោង១១ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

   លោកវរសេនីយ៍ត្រី ប្រិម សុផល នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបានប្រាប់ថាៈ ជនរងគ្រោះដែលគេប្រទះឃើញចងកធ្វើអត្តឃាតខ្លួនឯងនោះមានឈ្មោះ លី ដារ៉ាវុធ ភេទប្រុស អាយុ៣៩ឆ្នាំ មានឋានន្តរស័ក្តិវរសេនីយ៍ទោ មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតស្នាក់នៅបន្ទប់ជួលក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតដែលមានគ្រួសារប្រពន្ធកូនរស់នៅរាជធានីភ្នំពេញ។

    លោកបានបញ្ជាក់ថា៖ នៅពេលជនរងគ្រោះបាត់មុខមិនបានទៅធ្វើការអ្នកធ្វើការជាមួយមានការងឿងឆ្ងល់និងសង្ស័យបានទៅមើលដល់បន្ទប់ជួលដែលជនរងគ្រោះស្នាក់នៅ ឃើញបន្ទប់ចាក់គន្លឹះពីក្នុងក៏បានគោះទ្វារតែមិនឃើញបើកក៏បានសម្រេចចិត្តបង្កើតគណៈកម្មការគាស់ទ្វារចូលមើលក៏ឃើញជនរងគ្រោះចង.កដោយក្រមាភ្ជាប់ទៅចម្រឹងបង្ហួចផ្នែកខាងជើងបែរមុខទៅត្បូង។

    លោកវរសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា៖ ក្រោយមន្ត្រីជំនាញស្រាយយកសាកសពចុះដើម្បីធ្វើការពិនិត្យនិងធ្វើកោសលវិច័យ គឺបានសន្និដ្ឋានថាជនរងគ្រោះពិតបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយខ្លួនឯងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣  អាចជារឿងរ៉ាវផ្លូវចិត្តទើបបណ្តាលឱ្យជនរងគ្រោះចងកធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះ។ ក្រោយពិនិត្យហើយមន្ត្រីជំនាញបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ វណ្ណា


ចែករំលែក៖