ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្មករសំណង់ជាង៦០ នាក់បានធ្វើការតវ៉ាសុំបើកប្រាក់ខែ រយៈពេល២ខែហើយដោយមិនមានដំណោះស្រាយ។ ហេតុការណ៍នេះស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
តាមប្រភពពីកម្មករកម្មការិនីបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ពួកគាត់ជាង៦០នាក់បានធ្វើការក្នុងការដ្ឋានសាងសង់អគារខុនដូ Morgan enmaison ខាងលើនេះជាច្រើនខែមកហើយ ដើម្បីទទូលបានប្រាក់តិចតួច ធ្វើការធ្ងន់ ហត់ លំបាក ដើម្បីតែជីវភាព ចង់បានថវិកា តែដោយសារគ្រុមហ៊ុននេះមិនបានបើកប្រាក់ខែឱ្យពួកគាត់ចំនួន២ខែមកហើយទើបពួកគាត់បានប្រមូលផ្តុំគ្នាមកឈរនៅមុខក្រុមហ៊ុនដើម្បីធ្វើការតវ៉ាទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ខែឱ្យពួកគាត់។
ការធ្វើសកម្មភាពតវ៉ាទៅលើក្រុមហ៊ុន ខុនដូឈ្មោះ Morgan enmaisonនេះ បង្កជាជម្លោះហិង្សាបានកើតឡើងរវាងកម្មករ កម្មការិនី ប្រតាយប្រតប់គ្នាផងដែរ ខណៈដែលក្រុមហ៊ុនមិនព្រមបើកប្រាក់ខែអោយក្រុមកម្មករ២ខែកន្លងទៅនេះ។
លទ្ធផលចុងក្រោយនៃការតវ៉ានេះ តំណាងក្រុមហ៊ុនបានចុះមកធ្វើការសម្របសម្រួលជាមួយក្រុមកម្មករ ដោយព្រមព្រៀងបើកប្រាក់ខែឱ្យ៨០ភាគរយនៃចំនួនប្រាក់ខែ២ខែកន្លងនេះដែលមិនបានបើកជូនដល់ក្រុមកម្មករ៕
ដោយ ៖ រ៉ារ៉ា