ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំកំពូល G20 បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន

ចែករំលែក៖

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានប្រកាសកាលពីថ្ងៃទី 9 ខែកញ្ញាថា មេដឹកនាំនៃប្រទេស G20 បានយល់ព្រមអនុម័តសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលនៅទីក្រុង New Delhi ដោយឈានដល់ការឯកភាពគ្នាលើ “បញ្ហាក្តៅ” នាពេលបច្ចុប្បន្ននៅលើពិភព។
លោកនាយករដ្ឋមន្ត្រី Modi បាននិយាយនៅចំពោះមុខមេដឹកនាំ G20 ថា “អរគុណចំពោះការខិតខំប្រឹងប្រែងរបស់ភាគីទាំងអស់ យើងបានទទួលការឯកភាពគ្នាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូល G20 ខ្ញុំសូមប្រកាសពីការអនុម័តសេចក្តីប្រកាសរួមនេះ” ។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា G20 អំពាវនាវឱ្យប្រទេសទាំងអស់គោរពតាមគោលការណ៍អន្តរជាតិ រួមទាំងបញ្ហាអធិបតេយ្យភាពនិងបូរណភាពទឹកដី ច្បាប់មនុស្សធម៌អន្តរជាតិ និងប្រព័ន្ធពហុភាគីដើម្បីការពារសន្តិភាព និងស្ថិរភាព។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា “យើងស្វាគមន៍រាល់គំនិតផ្តួចផ្តើមដែលពាក់ព័ន្ធនិងស្ថាបនាក្នុងការគាំទ្រសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន។ ការប្រើប្រាស់ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ»។
សេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យរុស្ស៊ីនិងអ៊ុយក្រែនស្តារឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដើម្បីធានាការបន្តការនាំចេញគ្រាប់ធញ្ញជាតិ អាហារ និងជីពីប្រទេសទាំងពីរនេះដើម្បីធានាសន្តិសុខស្បៀងពិភពលោក។
បណ្តាប្រទេស G20 ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខស្បៀងអាហារ និងថាមពលពិភពលោក ដោយអំពាវនាវឱ្យភាគីទាំងអស់បញ្ចប់សកម្មភាពយោធាដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងតំបន់ទាំងពីរនេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP


ចែករំលែក៖