ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តតាកែវទើបតែមានស្រុក១ក្នុងចំណោមស្រុក-ក្រុង ចំនួន១០ប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ចែករំលែក៖

ខេត្តតាកែវ ៖ ខេត្តតាកែវដែលមាន១០ស្រុក-ក្រុង ទើបតែមានស្រុកមួយជាលើកដំបូងប៉ុណ្ណោះដែលប្រកាស បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ស្រុកដែលទើបនឹងប្រកាសនៅថ្ងៃទី១៥ កញ្ញានេះ គឺស្រុកសំរោង ខណៈដែលស្រុកចំនួន៣ដទៃទៀត គឺស្រុកបុរីជលសារ, ស្រុកកោះអណ្ដែត និងស្រុកអង្គរបុរីកំពុងតែស្ថិតក្នុងភាពតម្រែតម្រង់ដើម្បីក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ។ 

   ការបញ្ជាក់ថា ស្រុកសំរោងគឺជាស្រុកមុនគេបំផុតដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ បានធ្វើឡើងដោយអភិបាលរងខេត្តតាកែវ លោក ទុយ សុភ័ក្រ ក្នុងពិធីមួយនាព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣។

    កម្ពុជារហូតមកទល់នឹងពេលនេះមានខេត្តយ៉ាងហោចចំនួន៧ហើយដែលប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល គឺរួមមានខេត្តស្វាយរៀង, ព្រៃវែង,កណ្តាល,ខេត្តកែប,កំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ។ សេចក្តីរាយការណ៍បង្ហាញថា ខេត្តសៀមរាបដែលមាន ១២ស្រុកនិងក្រុងទើបតែមានស្រុកចំនួន៣ប៉ុណ្ណោះដែលជាស្រុកបញ្ចប់ការបន្ទោបង់ពាលវាលពាសកាល និងខេត្តសៀមរាបបានដាក់គោលដៅបញ្ចប់ការបន្ទោបង់ផ្តេសផ្តាសនេះ រហូតដល់ឆ្នាំ២០២៥។ ចំណែកខេត្តតាកែវទើបតែសម្រេចបានមួយស្រុកប៉ុណ្ណោះ។

    មន្ត្រីខេត្តតាកែវបានថ្លែងថា នៅក្នុងឆ្នាំ២០២៤ នឹងមានស្រុកនិងក្រុងចំនួន ៣បន្ថែមទៀត គឺក្រុងដូនកែវ,ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស នឹងត្រូវប្រកាសជាស្រុកបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល។ អាជ្ញាធរខេត្តបានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការដៃគូបន្តលើកិច្ចការងារជាបន្តទៀតដើម្បីឱ្យខេត្តតាកែវក្លាយជាខេត្តមួយ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលដូចខេត្តផ្សេងៗដែរ៕

ដោយ៖ សហការី


ចែករំលែក៖