ប្រទេសចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាឱកាសឆ្លៀតពេលពីដំណើរទស្សនកិច្ចដ៏មមាញឹកចូលរួមក្នុងវេទិកាសំណេះសំណាល និងពិសារអាហារជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា ក៏បានទទូចឱ្យអ្នកវិនិយោគចិន ចូលមកវិនិយោគនៅកម្ពុជា ជាមួយការលើកបង្ហាញទិដ្ឋភាពច្បាប់ និងគាំពារជាច្រើនរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគ។ ការទាក់ទាញអ្នកវិនិយោគគឺជារបៀបវារៈដ៏សំខាន់មួយនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចកម្ពុជា និងចិន ដែលចូលរួមក្នុងពិធីនោះថា កម្ពុជាកំណត់យកឆ្នាំ២០២៣ គឺជាឆ្នាំនៃការចាប់ផ្តើមជំរុញសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចគោលនយោបាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី បានថ្លែងថា ឈរលើស្មារតីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចផ្ទាល់នោះ បានធ្វើច្បាប់វិនិយោគ ដែលមានយន្តការលើកទឹកចិត្ត ទាក់ទាញ និងជាក់លាក់ ក៏ដូចជាច្បាប់ភាពជាដៃគូវិស័យសាធារណៈ ឯកជន ជាឧទាហរណ៍មួយនៃការប្តេជ្ញាចិត្ត។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានកំណត់ធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច ការវិនិយោគ ទាំងវិស័យឯកជនជាអាទិភាព។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏នឹងពង្រឹងកិច្ចសន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយសម្តេចអញ្ជើញធ្វើជាអធបិតីដោយផ្ទាល់តែម្តង។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមការប្តេជ្ញាចិត្ត និងយន្តការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ កម្ពុជានឹងក្លាយជាគោលដៅដ៏ទាក់ទាញ និងមានសក្តានុពលរបស់វិស័យឯកជន។
ជាមួយនឹងទទូចឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិនចូលមកសិក្សា និងវិនិយោគនៅកម្ពុជាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាអះអាងការពារអ្នកវិនិយោគចិនយ៉ាងដូច្នេះ «រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគចិន អាចធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាប្រកបដោយផ្លែផ្កា និងរីកចម្រើន»។
សូមបញ្ជាក់ថា ការកៀរគរវិនិយោគ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសចិននេះ ការទាក់ទាញការវិនិយោគក៏ជារបៀបវារៈដ៏ចាំបាច់មួយសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
ក្រោយពេលអញ្ជើញដល់ប្រទេសចិនភ្លាម មិនបានបង្អែបង្អង់នោះឡើយ ទោះបីចំណាយពេលលើយន្តហោះច្រើនម៉ោងយ៉ាងណាក្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយនឹងក្រុមវិនិយោគធំៗរបស់ចិនជាបន្តបន្ទាប់។ សម្តេចធិបតី បានជួបក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៤ រួមមាន៖ ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. ជាក្រុមហ៊ុនវិនិយោគផ្នែកថាមពលអគ្គសិនី, China Road and Bridge Corporation (CRBC) ជាក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន ជាពិសេសកំពុងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា, ក្រុមហ៊ុន China Huaneng Group ជាក្រុមហ៊ុនផ្នែកថាមពលអគ្គិសនី និងជាក្រុមហ៊ុនបានសាងសង់វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាផងដែរ និងក្រុមហ៊ុនមួយទៀត គឺក្រុមហ៊ុន Huawei Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន។
ក្នុងជំនួបជាមួយក្រុមហ៊ុនធំៗរបស់ចិនទាំង៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីគោលនយោបាយពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តវិនិយោគនៅកម្ពុជា ព្រមទាំងបានស្នើឱ្យជួយបណ្តុះបណ្តាលផ្នែកអគ្គសិនី និងបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកសមត្ថភាពរបស់កូនខ្មែរលើជំនាញអគ្គិសនី និងបច្ចេកវិទ្យាឌីជីថល។ ក្នុងជំនួបជាមួយក្រុមហ៊ុន Huawei សម្តេចធិបតីនាយករដ្ឋមន្ត្រីចង់ឃើញក្រុមហ៊ុនមួយវិនិយោគលើការផលិតសម្ភារៈគ្រឿងបង្គំអេឡិចត្រូនិកនៅកម្ពុជាផងដែរ៕
ដោយ៖ស តារា