ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា លោកបានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចទំនប់ទឹកប្រៃ ស្ថិតភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្ត ព្រះសីហនុ ក្នុងនេះជាបឋមឃាត់ខ្លួនជនសង្ស័យបាន០២នាក់។ បន្ទាប់មកជនសង្ស័យទាំងនេះ យល់ ព្រមសហការជាមួយកម្លាំងនគរបាល ក៏បន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ដោយសរុបឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់(មុខសញ្ញាមិនរាងចាល ធ្លាប់មានប្រវត្តិជាប់ពន្ធនាគាពីមុន)។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន ÷
១.ឈ្មោះ វួច ជីវ៉ា ភេទស្រី អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
២.ឈ្មោះ មាស ម៉ាច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិត្រពាំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ ណាំ ញ៉េន ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
នគរបាលដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់។
-ទូរស័ព្ទដៃចំនួន០៤គ្រឿង។
-កាំភ្លើងកែច្នៃចំនួន០២ដើម។
-គ្រាប់សំណចំនួន០៣កំប៉ុង។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖ សូរិយា