ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសបង់ក្លាដែសតស៊ូទប់ទល់នឹងជំងឺគ្រុនឈាម មនុស្ស៧៧៨ នាក់បានស្លាប់

ចែករំលែក៖

កាលពីថ្ងៃទី១៥ខែកញ្ញា រដ្ឋាភិបាលបង់ក្លាដែសបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតមួយខ្ពស់បំភុត គឺ 778 នាក់។ អ្នកជំនាញសុខាភិបាលនិយាយថា កង្វះការសម្របសម្រួលរវាងវិស័យធ្វើឱ្យស្ថានការណ៍រាតត្បាតកាន់តែធ្ងន់ធ្ងរ។

យោងតាមអគ្គនាយកដ្ឋានសុខភាពរបស់រដ្ឋាភិបាលបង់ក្លាដែស គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ចំនួនករណីជំងឺគ្រុនឈាមបានកើនឡើងដល់ ១៥៧.១៧២ ករណី។ ទន្ទឹមនឹងនេះ អង្គការសហប្រជាជាតិបាននិយាយថា ចំនួនអ្នកឆ្លងពិតប្រាកដគឺខ្ពស់ជាង ដោយសារតែករណីជាច្រើនមិនត្រូវបានរាយការណ៍។
លោក Mohammed Niatuzzaman នាយកមន្ទីរពេទ្យ Mugda Medical College Hospital ដែលគ្រប់គ្រងដោយរដ្ឋក្នុងទីក្រុង Dhaka បាននិយាយថា ប្រទេសបង់ក្លាដែសកំពុងតស៊ូដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ ព្រោះវាខ្វះគោលការណ៍និរន្តរភាព ហើយបុគ្គលិកពេទ្យជាច្រើនមិនដឹងពីរបៀបគ្រប់គ្រងការរាតត្បាតក្នុងការព្យាបាល។ រដ្ឋាភិបាលគួរតែកៀរគរភ្នាក់ងារនិងអង្គការនានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម និងលើកទឹកចិត្តអ្នកស្រាវជ្រាវឱ្យបង្កើតរបបព្យាបាល និងវិធានការឆ្លើយតបសម្រាប់ការផ្ទុះឡើងនាពេលអនាគត។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺគ្រុនឈាមកំពុងដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសបង់ក្លាដែស។ ករណីជំងឺគ្រុនឈាមបានចាប់ផ្តើមធ្លាក់ចុះនៅក្នុងរដ្ឋធានី Dhaka ប៉ុន្តែកំពុងកើនឡើងនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ អង្គការសុខភាពពិភពលោកបានបញ្ជូនអ្នកជំនាញទៅប្រទេសបង់ក្លាដែស ហើយបានគាំទ្រដល់អាជ្ញាធរមូលដ្ឋានដើម្បីពង្រឹងការឃ្លាំមើល ការធ្វើតេស្តសមត្ថភាព និងសកម្មភាពតស៊ូមតិនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
ការរួមបញ្ចូលគ្នានៃការប្រែប្រួលអាកាសធាតុ និងបាតុភូត El Nino បានរួមចំណែកដល់ការផ្ទុះជំងឺគ្រុនឈាមធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងប្រទេសបង់ក្លាដែស និងអាមេរិកខាងត្បូងផងដែរ។ ប្រទេសមួយចំនួននៅអាហ្វ្រិកខាងត្បូងសាហារ៉ា ដូចជាសាធារណរដ្ឋឆាដ ក៏បានរាយការណ៍ពីការផ្ទុះឡើងនាពេលថ្មីៗនេះផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ hanoimoi.vn)


ចែករំលែក៖