ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ទឹកស្ទឹងហក់ឡើងខ្លាំងនៅផ្នែកខាងលើសំណង់ពោធិ៍២ដើមប្រឈមប៉ះពាល់ប្រជាពលរដ្ឋបាននាំគ្នាបើកទ្វារទឹកចំនួន២រំដោះទឹកស្រកជិត១ម៉ែត្រនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ឃើញប្រជាពលរដ្ឋប្រមាណ២០ទៅ៣០នាក់បាននាំគ្នាបើកសំណង់ទ្វារទឹកពោធិ៍២ដើមដែលប្រើប្រាស់រ៉ូតឬកៅឡាក់ទាញទ្វារទឹកឡើងចំនួន២ទ្វារក្នុងចំណោមទ្វារចំនួន៣ដើម្បីរំដោះទឹកទៅដងស្ទឹងផ្នែកខាងក្រោមដែលបើករយៈពេល២ថ្ងៃឃើញស្រកជិត១ម៉ែត្រផ្នែកខាងលើសំណង់ពោធិ៍២ដើម។
ប្រជាពលរដ្ឋបានប្រាប់ថា៖ក្រោយមានភ្លៀងធា្លក់ជាប់ៗគ្នារយៈពេលជិត១សប្តាហ៍នេះឃើញស្ថានភាពទឹកស្ទឹងខាងលើសំណង់ពោធិ៍២ដើមមានឃុំរហាត់ទឹក ឃុំចំណោម ឃុំសឿ ដែលទឹកស្ទឹងហក់ឡើងខ្លាំងប្រឈមប៉ះពាល់នឹងផ្ទះសម្បែងនិងផលដំណាំកសិកម្មប្រជាពលរដ្ឋរស់នៅស្របមាត់ស្ទឹងទើបប្រជាពលរដ្ឋបាននាំគ្នាបើកសំណង់ទ្វារទឹកពោធិ៍២ដើមរំដោះទឹកផ្នែកខាងលើពេលនេះបានស្រកលែងប្រឈមហើយ។
លោក ស សំណាង មេឃុំរហាត់ទឹកបានប្រាប់ថា៖ដងស្ទឹងរហាត់ទឹកនៅផ្នែកខាងលើសំណង់ពោធិ៍២ដើមទឹកស្ទឹងបានហក់ឡើងខ្លាំងក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នានិងបើកសំណង់បវេល និងសំណង់ព្រៃខ្ពស់ធ្លាក់ចូលស្ទឹងមង្គលបូរី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣បងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងលើស្របមាត់ស្ទឹងបាននាំគ្នាបើកទ្វារសំណង់ពោធិ៍២ដើមរំដោះទឹកហូរធ្លាក់ទៅផ្នែកខាងក្រោមសុំអោយបងប្អូនត្រូវប្រុងប្រយ័ត្នចំពោះកូនចៅកុំអោយលេងទឹកនៅរដូវវស្សាទឹកស្ទឹងឡើងខ្លាំង។
លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្ថានភាពទឹកនៅដងស្ទឹងមង្គលបូរី និងដងស្ទឹងសិរីសោភ័ណ មានការហក់ឡើងតែមិនទាន់ប្រឈមនៅឡើយ ព្រោះទឹកឡើងដោយទឹកភ្លៀងជាប់គ្នារយៈពេលជិត១សប្តាហ៍ទើបស្ថានភាពទឹកស្ទឹងផ្នែកខាងលើសំណង់ពោធិ៍២ដើមបានឡើងពេលនេះត្រូវបានបើកទ្វារទឹកចំនួន២ក្នុងចំណោម៣ទ្វារទឹកបានស្រកជាបណ្តើរៗផ្នែកខាងលើហើយ៕
ដោយ ៖ វណ្ណា