ខេត្តបន្ទាយមានជ័យ៖ ខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនបងប្អូនសាធារណៈជនក៏ដូចជាបងប្អូនអ្នកសារព័ត៌មានទាំងអស់បានជ្រាបថា អនុវត្តន៍តាមការដាក់ទិសដៅរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងក្រុមការងារអន្តាគមន៍ពិសេស ដឹកនាំដោយលោកប៉ាន់ខែម ប៊ុនថន សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិនិត្យដោះស្រាយបន្ទាន់ចំពោះវិវាទរវាងក្រុមរថយន្តធុនធំសណ្តោងដឹកទំនិញខ្នាតធំដឹកនាំចេញចូលកម្ពុជាថៃតាមច្រកប៉ោយប៉ែត និងក្រុមហ៊ុនចំណត ភាស៊ី របស់លោកឈឿន ចាន់ថន ក៏ដូចជាក្រុមហ៊ុនផែស្ងួត នៅក្រុងប៉ោយប៉ែត ក្នុងការសិក្សាស្រាវជ្រាវក៏ដូចជំនួបទល់មុខនៃភាគីទាំងសងខាង នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងកិច្ចប្រជុំរបស់ក្រុមករងាររួមជាមួយអង្គភាពពាក់ព័ន្ធ នារសៀលនេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រុមការងារសូមប្រកាសជម្រាបជូនថា ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង២រសៀលស្អែកនេះ ក្រុមការងារនឹងធ្វើការប្រកាសលទ្ធផលដំណាក់កាលទីមួយនៅចំពោះមុខភាគីដែលពាក់ព័ន្ធរួមជាមួយអ្នកសារព័ត៌មាន នៅសាលាក្រុងប៉ោយប៉ែត។
គួររំលឹកថា ក្រុមអ្នកបើកបររថយន្តធុនធំមិនព្រមបង់ភាស៊ីចំណតចល័តចំនួន២ម៉ឺនរៀលព្រោះថ្លៃជាងមុនទុករថយន្តចោលស្ទះពេញផ្លូវដើម្បីរកដំណោះស្រាយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ក្រុមអ្នកបើកបររថយន្តបានប្រាប់ថា៖មូលហេតុដែលពួកគាត់ទុករថយន្តចោលតាមដងផ្លូវនៅចំណុចប៉ុស្តិ៍ដាក់ទារភាស៊ីចំណតរថយន្តចល័តក្រុងប៉ោយប៉ែត បណ្តាលកកស្ទះនេះព្រោះចង់អោយថ្នាក់ដឹកនាំជួយរកដំណោះស្រាយជូនពួកគាត់ផងព្រោះអ្នកវិនិយោគចំណតរថយន្តថ្មីនៅក្រុងប៉ោយប៉ែត បានទាមទាអោយបង់ភាស៊ីចំណតរថយន្ត១គ្រឿងតំលៃ២ម៉ឺនរៀលថ្លៃជាងអ្នកវិនិយោគចាស់ក្នុងរថយន្ត១គ្រឿងអោយបង់តំលៃ៥ពាន់រៀលតែប៉ុណ្ណោះ ៕
ដោយ ៖ វណ្ណា