ព័ត៌មានទាន់ហេតុការណ៍៖

នៅវេលាទៀបភ្លឺព្រឹកមិញ! នគរបាលខណ្ឌដង្កោ​ចាប់ឃាត់ខ្លួនជនសង្ស័យ០៥នាក់​ដែលជាមុខសញ្ញាយ៉ាងសកម្ម​ពាក់ព័ន្ធ​ករណីធាក់និងកាប់ ប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០៥នាក់​ ពាក់ព័ន្ធ​ករណីប៉ុនប៉ងប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោសដោយការប្រើអំពើហិង្សា (ធាក់និងកាប់ប្លន់យកម៉ូតូ) កាលពីវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្ថានីយប្រេងតូតាល់ ភ្លើងស្តុបឫស្សីសាញ់ ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញបានបញ្ចាក់ថា​ ជនសង្ស័យចំនួន០៥នាក់ដែលឃាត់ខ្លួនបានរួមមាន​៖​ ទី១-ឈ្មោះ ញ៉ែម ពន្លក ហៅ រតនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហេន រ៉ាឌី ហៅ ឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​ ទី៣-ឈ្មោះ ហនទិត្យ ច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​ ទី៤-ឈ្មោះ លី ធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកយកម៉ូតូទៅលក់០៣គ្រឿង) និងទី៥-ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​     ចំណែកវត្ថតាងចាប់យកមាន៖ ១-កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រចំនួន០១ ២-ខ្សែក្រវាត់ក្បាលដែកប្រវែង៩០សង់ទីម៉ែត្រចំនួន០១ ៣-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន០១គ្រឿង

៤-ទូរស័ព្ទដៃម៉ាកXiaomi ពណ៌ខ្មៅចំនួន០១

៥-កាបូបស្ពាយក្រឡាការ៉ូពណ៌ក្រម៉ៅចំនួន០១ 

៦-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខៀវលាយសពាក់ផ្លាកលេខបាត់ដំបង1AI-8003 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ហេង រ៉ាឌី ហៅ ឌី) 

៧-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកមាស ពាក់ផ្លាកលេខកណ្តាល1AC-3443 ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ ញ៉ែម ពន្លក ហៅ រតនា)។

​     គួរបញ្ជាក់ថា​ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រមកដល់ចំណុចស្ថានីយប្រេងតូតាល់ ផ្លូវបេតុង ស្ថិតនៅភូមិប្រការ  សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញក៏បានឃើញជនសង្ស័យចំនួន០៤នាក់ជិះម៉ូតូ០២គ្រឿង ដោយសមត្ថកិច្ចមានការសង្ស័យក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យ ហើយឃើញវត្ថុតាងខាងលេីសម្រាប់ប្រព្រឹត្តបទល្មើស ដែលជនសង្ស័យឈ្មោះ លី ធា ស្ពាយជាប់នៅនឹងខ្លួន ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ 

​     ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានជិះម៉ូតូឌុបគ្នាដើម្បីធ្វើសកម្មភាពធាក់និងកាប់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញប្រាកដមែន ហើយកន្លងមកពួកគេ (ជនសង្ស័យ) និងបក្ខពួកផ្សេងទៀតធ្លាប់បានធ្វើសកម្មភាពធាក់និងកាប់ប្លន់យកម៉ូតូតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ បានសម្រេចជាច្រើនលើក។ ក្រោយមកសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០១នាក់ ទៀត ឈ្មោះ ប៉ែន សុខគា ហៅ ហួ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។ 

​      ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៥នាក់ខាងលើបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពធាក់និងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះតាមផ្លូវសាធារណៈជាច្រើនលើក​ ហេីយជាក់ស្តែងនៅថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២៣ ជនសង្ស័យទាំង០៥នាក់ខាងលើបានធ្វើសកម្មភាពធាក់និងកាប់ប្លន់យកម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២២ ពាក់ផ្លាក លេខភ្នំពេញ1JG-2103 ចំនួន០១គ្រឿង របស់ ជនរងគ្រោះឈ្មោះ យ៉ុង យ៉ាន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រាកដមែន ។ 

​      បច្ចុប្បន្ន​នេះ​ ជនសង្ស័យ​ និងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញ​កសាងសំណុំរឿងត្រៀមបញ្ចូនទៅតុលាការដេីម្បីផ្តន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖