ភ្នំពេញ ៖ សម្រាប់អង្គការសហប្រជាជាតិ គេមិនរើសអើងរវាង សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ឬនរណានោះទេ ឱ្យតែជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែងដូចប្រទេសជាសមាជិកផ្សេងទៀត។
នេះជាប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំងថា ល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្សសម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថា ៖ សម្តេចនៅតាមដានសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីគាត់បានជួបជាមួយអគ្គលេខាកាលពីព្រឹកមិញ។
សម្តេចតេជោ បានបញ្ជាក់ថា «ក្រុមប្រឆាំងល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ហើយ។ នៅអង្គការសហប្រជាជាតិ គេមិនរើសអើងរវាង ហ៊ុន សែន និង ហ៊ុន ម៉ាណែតឬនរណានោះទេ ឱ្យតែអ្នកនោះជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជា គេផ្តល់ឱកាសឱ្យឡើងថ្លែង ដូចប្រទេសជាសមាជិកផ្សេងទៀតដែរ»។
ក្រុមប្រឆាំងក្រៅប្រទេស ដែលគេដឹងថា ដឹកនាំដោយលោក សម រង្ស៉ី មូរ សុខហួរ អេង ឆៃអ៊ាង ជាដើម បានបំផុសចលនាឱ្យខ្មែរប្រឆាំងនៅសហរដ្ឋអាមេរិក នាំគ្នាប្រមូលផ្តុំតវ៉ាទាមទារឱ្យអង្គការសហប្រជាជាតិ កុំអនុញ្ញាតឱ្យសម្តេចធិបតីឡើងថ្លែងនៅអង្គការសហប្រជាជាតិ។ ពួកគេចាត់ទុកការបោះឆ្នោតនៅកម្ពុជាមិនត្រូវ និងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមិនស្រុបច្បាប់ជាដើម។
នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្រុមប្រឆាំងមួយចំនួនតូច ក៏បាននាំគ្នាទៅប្រមូលផ្តុំតវ៉ាជិតអង្គការសហប្រជាជាតិផងដែរ។
ការតវ៉ារបស់ក្រុមប្រឆាំងមិនមានអានុភាពណាមួយលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនោះឡើយ។ ទីបំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្លែងនៅអង្គការសហប្រជាតិ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា តំណាងឱ្យប្រជាជាតិកម្ពុជាប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ជាទីបំផុត។
នេះជាការបរាជ័យដ៏អាម៉ាស់មួយទៀតរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី។ ប្រកួតចាញ់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ឬអាចហៅបានថា «ចាញ់តជំនាន់»។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រី មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកគាំទ្រ ជួបគោរព ស្រឡាញ់ ។
ត្រូវដឹងថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដោយសារលក្ខណៈដ៏ល្អត្រឹមត្រូវដូចខាងក្រោម ៖
ទី១៖ នៅក្នុងប្រទេស៖ មានពលរដ្ឋអ្នកបោះឆ្នោតជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ នេះជាអត្រានៃការគាំទ្រខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា។
ទី២៖ នៅឯក្រៅប្រទេស៖ មានពលរដ្ឋខ្មែរភាគច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជានិយាយជារួម និងនិយាយដោយឡែក គាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាក់ស្តែង វត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៅទីក្រុងញូវយ៉កពេលនេះ មានពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា យ៉ាងច្រើនកុះករចេញមកស្វាគមន៍។
ទាំងនេះគឺជាទឡ្ហីករណ៍ច្បាស់លាស់និងជាក់ស្តែងបំផុតដែលបញ្ជាក់ពីការគាំទ្រយ៉ាងលើសលប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន៕
ដោយ ៖ សហការី