ខេត្តតាកែវ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលលោកមេប៉ុស្តិ៍រដ្ឋបាលឃុំអង្គរបុរីក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរក្នុងហេតុការណ៍ជិះម៉ូតូបុកគោយន្តពីក្រោយ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣៤នាទី លើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រវាងម៉ូតូនឹងគោយន្ត។
ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១. ៩៨៦៦ បើកបរដោយឈ្មោះ សន ចន្រ្ទា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបុរី ស្រុកអង្គរបូរី បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។ ចំណែកអ្នករួមដំណើរឈ្មោះ មៀច ចន្ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាមេប៉ុស្តិ៍ឃុំអង្គរបុរី រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី រងរបួសនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។
ប្រភពពីកន្លែងកើតហេតុបានបង្ហើបថា លោកមេប៉ុស្តិ៍និងស្ត្រីដែលស្លាប់ទើបតែឌុបគ្នាចេញពីផ្ទះសំណាក់ ដោយឱ្យស្ត្រីជាអ្នកបើកបរម៉ូតូឌុបលោកមេប៉ុស្តិ៍ពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តពីក្រោយដែលកំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហ៊ឹង។
ដោយឡែកសមត្ថកិច្ចស្រុកព្រៃកប្បាស បានឱ្យដឹងដែរថា គោយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចបាត់។
សមត្ថកិច្ចបានបញ្ជាក់ដែរថា មូលហេតុ គឺអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។
បច្ចុប្បន្នកម្លាំងជំនាញស្រុកព្រៃកប្បាសបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកវត្ថុតាងម៉ូតូបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯគោយន្តកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកបន្ត៕
ដោយ៖ អរុណរះ