សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា អ៊ុយក្រែនបានដឹកនាំការវាយប្រហារលើទីស្នាក់ការកណ្ដាលនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅដោយប្រើមីស៊ីលមួយគ្រាប់ ដែលបង្កឱ្យមានអគ្គិភ័យនិងទាហានរុស្ស៉ីម្នាក់បាត់ខ្លួន។
ក្រសួងការពារជាតិរុស្ស៉ី កាលពីដំបូងឡើយបានអះអាងថា ទាហានម្នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ប៉ុន្តែក្រោយមកបានចេញសេចក្ដីថ្លែងការណ៍ថា ទាហានរូបនោះបានបាត់ខ្លួន បន្ទាប់ពីមានការវាយប្រហារលើទីក្រុងកំពង់ផែ សេវ៉ាស្ដូប៉ូល (Sevastopol)។ ចំណែកខាងយោធាអ៊ុយក្រែនក៏បានចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះដែរ ជាមួយការព្រមានថានឹងមានការវាយប្រហារបន្ថែមទៀត។
តំបន់គ្រីមៀដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ បាននិងកំពុងក្លាយជាគោលដៅវាយប្រហារពីសំណាក់កងកម្លាំងអ៊ុយក្រែនកាន់តែញឹកញាប់ឡើង ចាប់តាំងពីលោកប្រធានាធិបតី ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕ ដោយ៖ ធីរីណា
រូបថត៖ X