ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងនៅសង្កាត់ផ្សារដេប៉ូទី១

ចែករំលែក៖

ភ្នំពេញ៖  អគ្គិភ័យបានឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៨និង៤៥ នាទីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ១៥៦ កែងនឹងផ្លូវលេខ២៣៧ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះម្ចាស់ផ្ទះចាក់សោ ហើយចេញទៅក្រៅបាត់។ លុះមកដល់ម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋដែលនៅក្បែរខាងឃើញមានហុយផ្សែងចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់និងតទុយយោទឹកបាញ់ពន្លត់ភ្លាមៗ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿងមកជួយបាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ។

   សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះគឺបណ្ដាលមកពីឆ្លងអាគុយហាយប៊្រីដ។

    ចំពោះករណីអគ្គិភ័យខាងលើនេះមិនបណ្តាលឱ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារគ្រឿងបន្លាស់រថយន្តមួយចំនួន ដោយប្រើប្រាស់អស់ទឹកមួយរថយន្ត បានរលត់ទៅវិញជាស្ថាពរ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖