ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាណាតូ សង្ឃឹមថា ប្រទេស ប៉ូឡូញនិងស្លូវ៉ាគី បន្តគាំទ្រអ៊ុយក្រែន ក្រោយការបោះឆ្នោត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក ជែន ស្តូលថិនបឺគ (Jens Stoltenberg) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា រូបលោកមានភាពជឿជាក់ខ្ពស់ថា ប៉ូឡូញនិងស្លូវ៉ាគីនឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីដដែល នៅក្រោយការបោះឆ្នោត។
លោក Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានក្តីរំពឹងនិងភាពជឿជាក់ខ្ពស់ថា អ៊ុយក្រែននិងប៉ូឡូញនឹងអាចរកឃើញមធ្យោបាយ ដើម្បីដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ដែលនឹងមិនជះផលប៉ះពាល់អវិជ្ជមាន ចំពោះការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនឡើយ»។ លោក Stoltenberg បានបន្តទៀតថា «ទោះស្លូវ៉ាគីនឹងមានរដ្ឋាភិបាលថ្មីបែបណាក៏ដោយ គឺពួកយើងនឹងបន្តអង្គុយជជែកគ្នានៅកិច្ចប្រជុំ NATO ហើយខ្ញុំជឿជាក់ថា យើងនឹងរកឃើញមធ្យោបាយដើម្បីបន្តផ្តល់ការគាំទ្រ ដូចអ្វីដែលពួកយើងតែងតែធ្វើបាន ក្រោយរាល់ការបោះឆ្នោតនៅក្នុងបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពនេះ គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក»។
គួរបញ្ជាក់ថា ប៉ូឡូញដែលនឹងត្រូវបោះជ្រើសរើសតំណាងរាស្រ្តថ្មី នៅថ្ងៃទី១៥ ខែតុលា បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងលែងមានការព្រមព្រៀងថ្មីៗ ដើម្បីផ្គត់ផ្គង់សព្វាវុធឱ្យទៅអ៊ុយក្រែនតទៀតហើយ ដើម្បីងាកមកផ្តោតលើការស្តារស្តុកអាវុធរបស់ខ្លួនឡើងវិញ។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ប៉ូឡូញដែលជាសមាជិក NATO ត្រូវបានគេមើលឃើញថា គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ប៉ុន្តែទំនាក់ទំនងប្រទេសទាំងពីរបានជួបភាពរកាំរកូស ក្រោយការសម្រេចចិត្តរបស់ប៉ូឡូញ ក្នុងការបន្តអនុវត្តបម្រាមលើគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ចំណែកស្លូវ៉ាគីដែលជាសមាជិក NATO ដូចគ្នា កន្លងមកនេះ ក៏បានសស្រាក់សស្រាំជួយអ៊ុយក្រែនផងដែរ តាមរយៈការបញ្ជូនសព្វាវុធផ្សេងៗជាច្រើន រួមមានទាំងយន្តហោះចម្បាំង MiG-29 និងប្រព័ន្ធការពារដែនអាកាស S-300។ យ៉ាងណាមិញ មេដឹកនាំប្រឆាំងនិងជាអតីតនាយករដ្ឋមន្រ្តី លោក រ៉ូបឺត ហ្វីកូ (Robert Fico) ដែលជាបេក្ខជននាំមុខគេក្នុងការស្ទង់មតិ មុនការបោះឆ្នោតដែលត្រូវប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ បានប្តេជ្ញាបញ្ចប់ការផ្តល់ជំនួយយោធារបស់ស្លូវ៉ាគីឱ្យអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ The New York Times


ចែករំលែក៖