ភ្នំពេញ ៖ តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តបទៅនឹងព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លើសទាំងពីរករណីនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបកស្រាយ ពន្យល់ ជូនសាធារណមតិថា៖
ទី១- ការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ គឺមិនត្រឹមត្រូវនោះទេ និងបានបញ្ជាក់យ៉ាងច្បាស់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន គឺពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះឡើយ។
និងទី២- តបទៅនឹងការលើកឡើងថា មានការប្រមូលពន្ធឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរណ៍ ត្រូវបានអគ្គនាយកដ្ឋានពន្ធដា បញ្ជាក់ថា ករណីនេះគឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះឡើយ ពីព្រោះ ច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះដែរ និងថា នេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើងកម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋានតែប៉ុណ្ណោះ ដែលមិនមែនជាគោលការណ៍ណាមួយដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារឡើយ។
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវដល់សាធារណជនទូទៅផងដែរ សូមចៀសវាងនូវការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាំងឡាយណាដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ក្នុងចេតនាបំភាន់ និងមួលបង្កាច់រាជរដ្ឋាភិបាល ឬធ្វើឱ្យមានការភាន់ច្រឡំណាមួយដល់សាធារណជន ៕
ដោយ ៖ សហការី