ព័ត៌មានទាន់ហេតុការណ៍៖

សូមជូនពរដល់និស្សិតកម្ពុជា ជាធនធានមនុស្សរបស់ប្រទេសជាតិ កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល ខណៈពួកគាត់ក៏កាន់តែព្រួយបារម្ភ ដោយសារនៅកសិដ្ឋានភាគខាងជើង ជាកន្លែងកៀកនឹងសមរភូមិ ដែលក្រុមហេសបូឡា គាំទ្រក្រុមហាម៉ាស់ បានវាយចូលតំបន់នោះ! រួចផុតទុក្ខទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ ៖ នេះជានិស្សិតមួយក្រុមទៀត កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល ដែលពួកគាត់ក៏កាន់តែព្រួយបារម្ភ ដោយសារនៅកសិដ្ឋានភាគខាងជើង ជាកន្លែងកៀកនឹងសមរភូមិ ដែលក្រុមហេសបូឡា គាំទ្រក្រុមហាម៉ាស់ បានវាយចូលតំបន់នោះ! 

សូមបញ្ជាក់ថា ៖ នៅពេលនេះ អ៉ីស្រាអែល មានសត្រូវមួយទៀតហើយ គឺក្រុមសកម្មប្រយុទ្ធហេសបូឡា ដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ ក្រោយបានបាញ់ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមកនៅថ្ងៃអាទិត្យនេះ ជាមួយអ៉ីស្រាអែល! 

ដូច្នេះ ដៃម្ខាងត្រូវប្រយុទ្ធជាមួយក្រុម Hamas និងដៃម្ខាងទៀតត្រូវប្រយុទ្ធជាមួយក្រុម ហេសបូឡា! 

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសលីបង់ ឬអ៊ីស្រាអែល ពីការផ្ទុះអាវុធដាក់គ្នានេះទេ! 

ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលមានឈ្មោះថា «ហេសបូឡា» បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែត និងបាញ់កាំភ្លើងធំទៅកាន់ទីតាំងចំនួនបីក្នុងកសិដ្ឋាន Shebaa ក្នុងស្មារតីសាមគ្គីភាព ជាមួយប្រជាជនប៉ាឡេស្ទីន!

សូមជម្រាបជូនថា ៖ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយ បញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។

ជាការសងសឹក អ៉ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ វិហារ និងផ្ទះរបស់ក្រុមមន្ត្រីហាម៉ាស់នៅក្នុងតំបន់ងហ្កាហ្សា ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០០នាក់ ក្នុងនោះមានទាំងកុមារ ២០នាក់។ ចំណែក អាជ្ញាធរអ៉ីស្រាអែលវិញមិនទាន់បានបញ្ចេញតួលេខផ្លូវការ នៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មនុស្សយ៉ាងហោច ៧០០នាក់ ក្នុងនោះមានទាំងកុមារបានស្លាប់នៅក្នុងការវាយប្រហារ របស់ក្រុមហាម៉ាស់។ មួយវិញទៀត អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ក៏បានទទួលស្គាល់ដែរថាមានពលរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហាររបស់ក្រុមហាម៉ាស់ និងកំពុងតាមដានស្ថានការណ៍យកចិត្តទុកដាក់ជាមួយការសន្យាផ្ដល់ការគាំទ្រដល់អ៉ីស្រាអែល។

នៅថ្ងៃនេះ ! រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ រដ្ឋសភាជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ 

រដ្ឋសភានៃព្រះរាជាណាក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣. បានបណ្ដាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយសភាព ការណ៍នាពេលនេះកាន់តែមានភាពតានតឹងថែមទៀត។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមសម្ដែងនូវក្តីព្រួយ បារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៊ីស្រាអែល នេះ ជាពិសេស សុវត្ថិភាពប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ៤៥០នាក់។

រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសាររបស់ លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និង ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏គួរឱ្យសោកស្ដាយជា ទីបំផុត ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖