ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ដែលត្រូវជាឪពុកម្តាយសពនិស្សិត ចាន់ ឧត្តម ដែលទទួលមរណភា ដោយសារហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់។
ព្រះរាជសាររបស់ព្រះមហាក្សត្របានមានខ្លឹមសារដូច្នេះថា : លោក និងលោកស្រី ជាទីរាប់អាន
ខ្ញុំមានសេចក្តីសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើតរបស់ លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង បានទទួលមរណភាព ក្នុងអាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកកំពុង ស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ។
ខ្ញុំសូមសម្តែងនូវសេចក្ដីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោក លោកស្រី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់ នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបម្រើជាតិ មាតុភូមិ ។ ខ្ញុំសូមវិញ្ញាណក្ខន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។
សូម លោក និងលោកសី ទទួលនូវសេចក្ដីរាប់អាន អំពីខ្ញុំ៕
ដោយ ៖ សិលា