លោក Wayne Rooney បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម DC United នៃលីកកំពូលអាមេរិក Major League Soccer ដោយការយល់ព្រមទៅវិញទៅមក រវាងក្លិបនឹងរូបលោក បន្ទាប់ពីក្រុមរបស់គាត់បានខកខានក្នុងការប្រកួតជម្រុះ MLS Cup។
អតីតអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ក្លិប Manchester United រូបនេះបានចូលកាន់តំណែងជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនកាលពីខែកក្កដា ឆ្នាំ២០២២។ ពីមុនគាត់បានចំណាយពេល១៨ខែនៅក្លិប DC Unitedក្នុងនាមជាកីឡាករ មុនពេលគាត់បានចូលរួមជាមួយ Derby ក្នុងតួនាទីជាគ្រូបង្វឹក និងកីឡាករក្នុងខែមករា ឆ្នាំ២០២០។
បុរសវ័យ៣៧ឆ្នាំរូបនេះបាននិយាយថា “វាជាពេលវេលាដ៏ត្រឹមត្រូវមួយ វាមិនមែនជារឿងមួយដែលបានកើតឡើងទេគឺជាពេលវេលាដែលត្រូវអភិវឌ្ឍក្រុម”។
នាយកប្រតិបត្តិ និងជាសហប្រធានក្លិប DC United លោក Jason Levien បាននិយាយថា “យើងបាននិយាយជាមួយ Wayne Rooney ហើយបានយល់ព្រមថា វាជាការល្អបំផុតសម្រាប់ពួកយើងក្នុងការចែកផ្លូវនៅពេលនេះ។ការសម្រេចចិត្តនេះបង្កើតផ្លូវសម្រាប់អ្នកគ្រប់គ្រងទូទៅបន្ទាប់របស់យើងដើម្បីមានឱកាសពេញលេញក្នុងការបង្ហាញនូវការអភិវឌ្ឍន៍ និងរចនាសម្ព័ន្ធថ្មីលើប្រតិបត្តិការកីឡារបស់យើង ដែលចាប់ផ្តើមជាមួយនឹងការកំណត់អត្តសញ្ញាណសំខាន់នៃគ្រូបង្វឹកដែលនឹងសមស្របបំផុតជាមួយនេះ”។
សហប្រធានក្លិបរូបនេះបញ្ជាក់ថា “យើងមានអំណរគុណចំពោះ Wayne Rooney សម្រាប់អ្វីទាំងអស់ដែលគាត់បានធ្វើសម្រាប់ក្លិបរបស់យើង និងសម្រាប់បាល់ទាត់នៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ ទីមួយក្នុងនាមជាកីឡាករ និងជាប្រធានក្រុមរបស់ DC United ហើយថ្មីៗនេះជាគ្រូបង្វឹករបស់យើងថែមទៀត“។
គួរបញ្ជាក់ថា DC United បានខកខានការប្រកួតវគ្គ Play-off សម្រាប់ឆ្នាំទី៤ជាប់ៗគ្នា បើទោះបីជាឈ្នះ ២–០ កាលពីថ្ងៃសៅរ៍ក្នុងការប្រកួតប្រចាំរដូវកាលចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម New York City FC ក៏ដោយ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)