ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយកសត្វបក្សីឈឺ ឬងាប់ទៅចម្អិនធ្វើម្ហូបអាហារជាដាច់ខាត។
ការណែនាំបែបនេះធ្វើឡើងនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង រដ្ឋបាលស្រុកព្រមទាំងអាជ្ញាធរមូលដ្ឋានបានចុះអនុវត្តវិធានការបសុព្យាបាលនៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានករណីវិជ្ជមានជំងឺផ្តាសាយបក្សីលើមាន់០១ ក្បាលកាលពីយប់ថ្ងៃទី០៨ខែ តុលា ឆ្នាំ២០២៣( លទ្ធផលវិទ្យាស្ថាន) ក្នុងចំណោមមាន់ទាសរុប៣៤ក្បាលងាប់២០ក្បាល របស់គ្រួសារកសិករឈ្មោះ ចិន សុខ ស្ថិតក្នុងភូមិខាងលើ។
លោកបន្ថែមថា ក្នុងថ្ងៃនេះដែរក្រុមការងារបានអនុវត្តវិធានការបន្ទាន់ដំបូងដូចខាងក្រោម៖
ដុតកម្ទេចចោលបក្សីចំនួន១៤ក្បាល របស់គ្រួសារខាងលើ ដែលមានមាន់ ១ក្បាលបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សី និងបានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ និងណែនាំដល់ក្រុមគ្រួសារ។
ចំពោះទីតាំងគេហដ្ឋានដែលមានមនុស្សស្លាប់ក្រុមការងារកំពុងអនុវត្តវិធានការបសុព្យាបាល។
៣-ក្រុមការងារកំពុងចុះពិនិត្យស្ថានភាពចិញ្ចឹមបក្សីនៅតំបន់ជុំវិញ ជាពិសេសនៅតំបន់ជុំវិញមានករណីមនុស្សស្លាប់ ដើម្បីអនុវត្តការចចារកម្ទេចចោលបក្សី និងអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគ។
សូមបងប្អូនធ្វើអនាម័យលំនៅដ្ឋាន លាងដៃនិងសាប៊ូ និងទឹកមុនពេលបរិភោគអាហារ និងបើមានប៉ះពាល់ជាមួយបក្សី ត្រូវដាក់កុមារឲ្យនៅឆ្ងាយពីបក្សី ។
ជាក់ស្តែងថ្ងៃនេះក្រុមការងារបានបន្ត ចុះបាញ់ថ្នាំនិងប្រមូលបក្សីយកមកដុតបំផ្លាញចោល និងយកសំណាក សរុប២៦ក្បាល ក្នុងនោះបានដុតកំទេចចោលចំនួន២១ក្បាល (មាន់ចំនួន ១៧ក្បាល និងទា ៤ក្បាល) និងយកសំណាកទៅពិនិត្យចំនួន៤ក្បាល(មាន់៣ក្បាល ទា១ក្បាល )។
លោកអភិបាលស្រុក សង្ឍឹមថាបងប្អូននិងផ្តល់កិច្ចសហការជាមួយក្រុមការងារមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានជាក់ជាពុំខាន ៕
ដោយ៖ សុថាន