ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ ការផ្តល់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ ជូនមេបញ្ជាការកងទ័ពជើងគោក គឺស្របតាមផែនការកែទម្រង់យូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ការផ្តល់ឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ជូនឯកឧត្តម ម៉ៅ សុផាន់ គឺស្របតាមផែនការកែទម្រង់យូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ក៏បានអនុវត្តនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «រក្សាចាស់បង្កើតថ្មី» ។ 

ការថ្លែងរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ធ្វើឡើងក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍បន្តថា កងយោធពលខេមរភូមិន្ទនឹងបន្តអនុវត្តផែនការកែទម្រង់កងទ័ពដោយឥតងាករេ និងកាន់តែស៊ីជម្រៅថែមទៀត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្កើនថាមពលក្នុងវិស័យការពារជាតិ ហើយការកែទម្រង់កងទ័ពនេះក៏ត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចជាតិផងដែរ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានកោតសរសើរចំពោះសមត្ថភាព និងភាពឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលក្នុងរយៈពេលកន្លងមកបានបំពេញភារកិច្ច និងសម្រេចស្នាដៃធំៗជាច្រើន រួមចំណែកក្នុងកិច្ចការពារសន្តិភាព បូរណភាពទឹកដី ការពារសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ បានមានជំនឿយ៉ាងមុតមាំថា ក្រោយពីទទួលបានឋានន្តរសក្តិ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងបន្តខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដឹកនាំអង្គភាពកងទ័ពជើងគោកឱ្យកាន់តែរៀបរយ រួមចំណែកក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទឱ្យកាន់តែរីកចម្រើន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន ត្រូវយកកត្តាសាមគ្គីភាពផ្ទៃក្នុងជាចម្បង ពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ និងបន្តលើកកម្ពស់ការងារអប់រំចិត្តសាស្ត្រ ផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងសភាពការណ៍ថ្មីៗ ហើយត្រូវជៀសឆ្ងាយពីគ្រឿងញៀន៕

ដោយ៖ ស សម


ចែករំលែក៖