បច្ចុប្បន្នឥណ្ឌាបានក្លាយជាប្រទេសទី៤ នៅលើពិភពលោក ដែលបានបញ្ជូនយានអវកាសទៅស្រាវជ្រាវនៅលើឋានព្រះចន្ទ។ ក្នុងពេលនេះឥណ្ឌា ក៏មានគម្រោងបញ្ជូនមនុស្សឡើងឋានព្រះចន្ទក្នុងឆ្នាំ២០៤០ បន្ទាប់ពីសាងសង់ស្ថានីយអវកាសនៅឆ្នាំ២០៣៥។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌាកំពុងតែកំណត់គោលដៅបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០៤០ ស្របពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចេញការណែនាំទៅកាន់នាយកដ្ឋានអវកាស ដែលរួមមានទាំងផែនការសាងសង់ស្ថានីយអវកាសផ្ទាល់ នៅឆ្នាំ២០៣៥។
មហិច្ឆតាវិស័យអវកាសរបស់ឥណ្ឌា ទទួលបានការលើកមុខមាត់បន្ថែម នៅពេលឥណ្ឌាបានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតយានរ៉ូបូតនៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ដែលមិនធ្លាប់មានការស្រាវជ្រាវពីមុនមក កាលពីខែសីហា ឆ្នាំនេះ និងជាប្រទេសទី៤ ដែលបានចុះចតបញ្ជូនយានទៅលើផ្ទៃព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ ការចុះចតដោយជោគជ័យរបស់ឥណ្ឌា គឺសម្រេចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកកម្មស្រដៀងគ្នារបស់រុស្ស៉ី ដែលបានទទួលបរាជ័យ។ ក្រោយភាពជោគជ័យនោះ ឥណ្ឌាក៏បានបញ្ជូនយានទៅសិក្សាព្រះអាទិត្យ និងកំពុងត្រៀមធ្វើតេស្តមួយក្នុងសប្តាហ៍នេះ ដែលជាផ្នែកនៃបេសកកម្មអវកាសផ្ទុកមនុស្សរបស់ខ្លួនផងដែរ។
រដ្ឋាភិបាលឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកនាយករដ្ឋមន្រ្តី បានចេញសេចក្តីបង្គាប់ថា នាពេលនេះឥណ្ឌាគួរតែផ្តោតទៅលើគោលដៅថ្មី និងប្រកបដោយមហិច្ឆតា ក្នុងនោះរួមមានទាំងផែនការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ហៅថា Bharatiya Antariksha Station ឱ្យបាននៅត្រឹមឆ្នាំ២០៣៥ និងការបញ្ជូនអវកាសយានិកឥណ្ឌាដំបូងគេទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០៤០»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានអំពាវនាវឱ្យក្រុមអ្នកវិទ្យាសាស្រ្ត ចាប់ផ្តើមធ្វើការងារលើបេសកកម្ម ដើម្បីទៅកាន់ភពសុក្រនិងភពអង្គារ ថែមទៀតផង៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)