ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទចាប់បានកន្ធាយកង្កែបញី១ក្បាលទម្ងន់ ៣៤គីឡូក្រាមហើយត្រូវបានជលផលរៀបចំពិធីលែងទៅក្នុងទន្លេមេគង្គវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សត្វកន្ធាយក្បាលកង្កែបញី១ក្បាលដែលជាប់សន្ទូចប្រជានេសាទសហគមន៍នេសាទ ភូមិអូរច្រឡង់ត្រូវបានខណ្ឌជលផលខេត្ត រួមគ្នាជាមួយអង្គការ w c s ធ្វើពិធីលែងចូលទៅក្នុងទន្លេវិញ កាលពីថ្ងៃទី១៦ ខែ តុលា ២០២៣ ដើម្បីអភិរក្សពពួកសត្វជិតផុតពូជ។

ក្នុងពិធីលែងសត្វកន្ធាយញីក្បាលកង្កែបទៅក្នុងអន្លុងកោះឬស្សីទន្លេមេគង្គលើ  នៅក្នុងភូមិសាស្ត្រ ឃុំអូរម្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងថ្លែងថា នេះជាពួកសត្វជិតផុត ពូជរស់នៅក្នុងទឹក ដែលជាធនធានជលផលមួយបែប ដែលយើងបានសន្មត់ថា សត្វកន្ធាយក្បាលកង្កែប ភាគ ច្រើនវារស់នៅតាមតំបន់ព្រៃលិចទឹក ដូចជានៅតាមតំបន់កោះ នៅស្រុកសំបូរ ខេត្តក្រចេះនិងនៅខេត្តស្ទឹងត្រែងតាមដងទន្លេមេគង្គលើ ។

លោកបន្តថា ពពួកសត្វប្រភេទនេះ រដ្ឋបាលជលផលបានផ្សព្វផ្សាយ និងអំពាវនាវដល់ប្រជាអ្នកនេសាទនៅ ពេលធ្វើនេសាទបាន  មិនត្រូវយកធ្វើជាម្ហូបអាហារទេ   គឺត្រូវលែងទៅកន្លែងដើមដើម្បីយើងអភិរក្សវាឱ្យសម្បូរបែបឡើងវិញ។

លោក ឃីន ម៉ានី ប្រធានសហគមន៍នេសាទនៅចំណុចអូរច្រឡង់ភូមិ ឃុំអូរម្រះបានបញ្ជាក់ថា សត្វកន្ធាយមួយក្បាលនេះត្រូវបានអ្នកនេសាទឈ្មោះសូត្រ ថូរិន រស់នៅក្នុងភូមិរបស់គាត់នេសាទបាន ដោយដាក់សន្ទូចបិទ នុយជន្លេនយកត្រី តែវាមករកស៊ី  ហើយជាប់សន្ទូចជើង បណ្ដាលឲ្យរងរបួសកាលពីថ្ងៃទី០២តុលាកន្លងមក។

លោកបន្តទៀតថា ក្រោយពីអ្នកនេសាទខាងលើនេសាទបានផ្តល់ព័ត៌មានមក លោក ក៏រាយការណ៍ទៅអង្គការ wcs ដែលមានទីតាំងនៅក្នុងខេត្តក្រចេះ មកយកដើម្បីព្យាបាលជើងរបស់វាដែលជាប់សន្ទូចមានរបួសនោះអស់រយពេលពីរសប្តាហ៍ ។ លោកថា បន្ទាប់ពីអង្គការ WCS យកទៅព្យាបាលរបួសសត្វកន្ធាយជាសះស្បើយហើយ  នៅថ្ងៃទី១៦តុលាម្សិលមិញនេះ បាននាំគ្នានិមន្តព្រះ សង្ឃធ្វើពិធីសូត្រមន្តនិងមានការចូលរួមពីសហគមន៍នេសាទ ឆ្មាំទន្លេ មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែង មន្ត្រីអង្គការពាក់ព័ន្ធ ដើម្បីលែងសត្វកន្ធាយចូលទៅក្នុងទន្លេវិញ  នៅត្រង់ចំណុចជាប់សន្ទូចកន្លែងដែលវាធ្លាប់រស់ នៅ ដើម្បីធ្វើការអភិរក្សឲ្យវាបន្តពូជ។

សូមបញ្ជាក់ថា សត្វកន្ធាយកង្កែបមួយក្បាលនេះជាសត្វកន្ធាយកង្កែបញី  មានទម្ងន់៣៤គីឡូក្រាម ត្រូវបានអ្នក នេសាទដាក់សន្ទូចជាប់ជើងកាលពីថ្ងៃទី ២ ខែតុលាដើមខែកន្លងមក នៅចំណុចក្បាលកោះឈើទាលតូច ភូមិអូរច្រឡំ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងហើយមន្ត្រីអង្គការ WCS នាំយកទៅព្យាបានមុខរបួសជាទើបយកមកលែងវិញ។

ជាមួយគ្នានេះដែរ អង្គការ WCS រួមនិងខណ្ឌជលផលខេត្ត បានជួយឧបត្ថមថវិកា២០ម៉ឺនរៀលនិងអង្ករទម្ងន់ ៥០ គីឡូក្រាម,ប្រេងសាំង២៥លីត្រ ជាការលើកទឹកចិត្តដែលប្រជាអ្នកនេសាទមានស្មារតីចូលរូមអភិរក្សធន ធានជលផល ដែលកំពុងរងការជិតផុតពូជនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖