ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្រតិកម្មក្រោយមន្ទីរពេទ្យនៅកាហ្សារងការវាយប្រហារ សម្លាប់មនុស្សជាង ៥០០នាក់

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានប្រកាសថា លោកមានការខកចិត្តយ៉ាងខ្លាំង ដោយការវាយប្រហារតាមដែនអាកាសទៅលើមន្ទីរពេទ្យនៅកាហ្សាបណ្តាលឱ្យមនុស្សជាង៥០០នាក់ស្លាប់ ។ លោកបានបញ្ជាឱ្យប្រមូលព័ត៌មានស្តីពីហេតុការណ៍ខាងលើ ។
សារព័ត៌មាន Reuters បានផ្សាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ខណៈដែលអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីនទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ហើយបាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ West Bank និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
ក្រុមមន្ត្រីសុខាភិបាលក្នុតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា មន្ទីរពេទ្យខាងលើរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯយោធាអ៉ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអ៊ិស្លាម ជីហាដ (Palestinian Islamic Jihad)។
តាមការឱ្យដឹងពីក្រុមមន្ត្រីការពារជនស៊ីវិលមួយក្នុងតំបន់ហ្កាហ្សា មនុស្ស ៣០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើមន្ទីរពេទ្យ តែមន្ត្រីក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា បញ្ជាក់ថា មនុស្សដល់ទៅជាង ៥០០នាក់ឯណោះត្រូវបានសម្លាប់។
មុនការវាយប្រហារលើមន្ទីរពេទ្យកាលពីថ្ងៃអង្គារ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សាក៏បានឱ្យដឹងដែរថា មនុស្សជាង ៣,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលអស់រយៈពេល ១១ថៃ្ងមកនេះ ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុម ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់ នៅអ៉ីស្រាអែល និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖