ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹក​ ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ខុសច្បាប់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក ចុះស្រាវជ្រាវ​និងឃាត់ខ្លួន​ក្នុងបទល្មើសជាក់ស្តែង យកមកអនុវត្តទោសតាមផ្លូវច្បាប់។ 

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅចំណុច ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៧​ ខែតុលាម្សិលមិញនេះ​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន។ 

ជនសង្ស័យឈ្មោះ ព្រហ្ម ចាន់វ៉ែន ភេទ ប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០២ថង់(សង្ស័យមានសារធាតុញៀន)។ 

២-ទូរស័ព្ទដៃម៉ាក Nokaiចំនួន០១គ្រឿង

៣-សម្ភារ:សម្រាប់ប្រើប្រាសនិងវេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖