ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអប្សរាបញ្ជាក់ពីការជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

ចែករំលែក៖

ខេត្តសៀមរាប ៖ គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន ជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក)ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើតមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ នេះជាការបញ្ជាក់ពី អាជ្ញាធរអប្សរា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ 

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារកំពុងតែមមាញឹកការស្តារកំណកដីពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុចដែលបាក់ស្រុតដោយសារទឹកហូរច្រោះ ឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ នឹងបង្ហាញឱ្យឃើញឡើងវិញនូវរចនាសម្ពន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀតនៅប្រាសាទព្រះខ័ន។ សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរនៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕

ដោយ ៖ សហការី


ចែករំលែក៖