ភ្នំពេញ ៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញមានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅព្រឹក ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចាប់ ពីម៉ោង៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសលបណ្ឌិត ហ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ជាលទ្ធផលនៃកិច្ចប្រជុំ: ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលរដ្ឋសភាបានអនុម័ត នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំ រដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ នាសម័យប្រជុំព្រឹទ្ធសភាលើក ទី១១ នីតិកាលទី៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។ (ខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចនឹងមានផ្សាយនៅក្នុងគេហទំព័រ៖ www.ccc.gov.kh) អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប៕
ដោយ ៖ សិលា