ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ុន ចាន់ថុល ជួបតំណាងក្រុមហ៊ុន Platform impact Co., Ltd ដើម្បីជជែកលើកិច្ចការងាររៀបចំយន្តការនានាសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ចែករំលែក៖

ភ្នំពេញ ៖ ជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី និងនាយករងជាន់ខ្ពស់ នៃនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន នៃក្រុមហ៊ុន Platform impact Co., Ltd ដើម្បីជជែកលើកិច្ចការងាររៀបចំយន្តការនានាសម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។

សូមបញ្ជាក់ថា ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក David Van នាយករងជាន់ខ្ពស់ នៃនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋនិងឯកជន នៃក្រុមហ៊ុន Platform impact Co., Ltd និងលោក James Brew ទីប្រឹក្សាអន្តរជាតិជាន់ខ្ពស់នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ 

កិច្ចប្រជុំនេះផ្ដោតការជជែកពិភាក្សាលើកិច្ចការងាររៀបចំយន្តការនានាដើម្បីតាមដាននូវបញ្ហាប្រឈមរបស់វិនិយោគិន ដោយការសម្របសម្រួលស្វែងរកដំណោះស្រាយសមស្របសម្រាប់ភាគីទាំងពីរ ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

សូមជម្រាបជូនថាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាវេទិកាថ្នាក់ជាតិ និងជាយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជជែកសន្ទនាជាមួយផ្នែកឯកជន ដើម្បីស្វែងយល់អំពីសំណូមពរ និងបញ្ហាប្រឈមនានាដែលវិស័យឯកជនបានជួបប្រទះក្នុងកិច្ចការអនុវត្តអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ គណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាប្រធាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិកានេះ។ ក្រុមការងារតាមវិស័យទាំង១៤ ស្ថិតក្រោមការសម្របសម្រួលពីគណៈកម្មាធិការ នឹងត្រូវបានដឹកនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំស្ថាប័នមានសមត្ថកិច្ច ដើម្បីជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើសំណើសុំនានារបស់វិស័យឯកជន៕

ដោយ ៖ សហការី


ចែករំលែក៖