ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ពីការ ឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រផែនដីថ្មីPDT-News កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សូមធ្វើការបដិសេធនិងច្រានចោលនូវការចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់និងគ្មានការណ៍ពិតឡើយ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឆ្លើយតបនឹងការចុះផ្សាយរបស់សារព័ត៌មានគេហទំព័រផែនដីថ្មីPDT-News កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបដិសេធនិងច្រានចោលនូវការចុះផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានការណ៍ពិតឡើយ។

   មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមស្នើឱ្យគេហទំព័រផែនដីថ្មីPDT-News ធ្វើការកែតម្រូវខ្លឹមសារដែលបានចុះផ្សាយខាងលើនេះ បើពុំនោះទេយើងខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់។

   រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សាធារណជន បងប្អូនប្រជាពលរដ្ឋ និងបណ្ដាញសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣. សារព័ត៌មាន គេហទំព័រផែនដីថ្មីPDT-News បានចុះផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម(Facebook) ដែលមានចំណងជើងថា “បែកធ្លាយប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ លោក សំ លាងទ្រី ពុករលួយក្លាយជាអ្នកមានធំលើសឧកញ្ញ៉ា ដោយចំណេញពីការចំណាយថវិកាជាតិ” ដោយក្នុងខ្លឹមសារទាំងមូលបានបង្ហាញពីអំពើពុករលួយរបស់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារលើការអនុវត្តគម្រោងជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់មន្ទីរ។ មន្ទីរសូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មាន គេហទំព័រផែនដីថ្មី PDT-News ខាងលើនេះ។     ពាក់ព័ន្ធនឹងករណ៏ខាងលើ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការស្រាយបំភ្លឺដូចខាងក្រោម៖

   រាល់ការអនុវត្តគម្រោងជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ គឺត្រូវបានអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មយ៉ាងត្រឹមត្រូវជាមួយ គណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងក្រសួងសាធារណការនិងដឹកជញ្ជូន។

   រាល់ការអនុវត្តតាមនីតិវិធីកិច្ចលទ្ធកម្មខេត្ត គឺមានការចូលរួមពីគណៈកម្មការកិច្ចលទ្ធកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងសាលាខេត្ត។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សូមស្វាគមន៍ជានិច្ចចំពោះការស្រាយបំភ្លឺជូនដល់ សារព័ត៌មានខាងលើរៀងរាល់ម៉ោងបំពេញការងារនៅមន្ទីរផ្ទាល់តែម្តង។

    គេហទំព័រ ជាចុងបញ្ចប់ មន្ទីរសំណូមពរដល់អង្គភាពគេហទំព័រសារព័ត៌មានខាងលើ សូមធ្វើការកែតម្រូវខ្លឹមសារ ព័ត៌មានដែលបានចុះផ្សាយដូចបានរៀបរាប់ខាងលើនេះ បើមិនដូច្នេះ យើងខ្ញុំនឹងអនុវត្តតាមនីតិវិធីច្បាប់។    អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សហការី


ចែករំលែក៖