យ៉ាងហោចណាស់មានជនភៀសខ្លួន៥១នាក់ស្លាប់ភាគច្រើនជាស្ត្រីនិងកុមារ ព្រមទាំងរបួសរាប់សិបនាក់ដោយការវាយប្រហារតាមអាកាសពីអ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួននៅ Manghazi ក្នុងតំបន់កាហ្សា កាលពីយប់ថ្ងៃទី៤ខែវិច្ឆិកា ក្នុងពេលនេះដែរ កាលពីថ្ងៃសៅរ៍កន្លងមក ក្រុមប្រទេសអារ៉ាប់បានដាក់សម្ពាធជាសាធារណៈ ឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ខិតខំប្រឹងប្រែងសម្រេចឱ្យបានបទឈប់បាញ់ ឬ ceasefire ជាបន្ទាន់មួយ សម្រាប់សង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ ហ្កាហ្សា ស្រ្ទីព (Gaza Strip)។
យ៉ាងណាមិញ ក្នុងការបង្ហាញភាពខ្វែងគំនិតគ្នាដោយចំហយ៉ាងកម្រមួយ លោក Blinken បានបដិសេធការជំរុញរបស់ក្រុមប្រទេសអារ៉ាប់ ខណៈដែលរូបលោកឈរនៅក្បែររដ្ឋមន្រ្តីការបរទេសហ៊្សកដានី និងរដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប អំលុងសន្និសីទសារព័ត៌មានមួយ ដោយលោកប្រមុខការទូតអាមេរិក បានលើកហេតុផលថា បទឈប់បាញ់នឹងទុកឱកាសឱ្យក្រុមហាម៉ាស ប្រមូលផ្តុំកម្លាំងឡើងវិញនៅ Gaza។
លោក Blinken បានបើកកិច្ចប្រជុំជាមួយ ប្រមុខការទូតមកពីប្រទេសរ៉ាប់ រួមមានអារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៉ីប និងហ៊្សកដានី នៅទីក្រុងអាម៉ាន់នៃប្រទេសហ៊្សកដានី។ អំលុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសហ៊្សកដានី លោក Ayman Safadi បានលើកឡើងដូច្នេះថា «នាពេលនេះ យើងត្រូវតែធ្វើយ៉ាងណាធានាឱ្យបានថា សង្រ្គាមនេះនឹងត្រូវបញ្ឈប់»។ យ៉ាងណាក្តី លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានឆ្លើយតបដូច្នេះថា «បទឈប់បាញ់នាពេលនេះ នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាសស្ថិតនៅដដែល ហើយអាចប្រមូលផ្តុំកម្លាំងឡើងវិញ និងបន្តប្រព្រឹត្តទង្វើដែលពួកគេបានធ្វើ កាលពីថ្ងៃទី៧ ខែតុលា»។
ទីក្រុងវ៉ាស៉ីនតោនបានរក្សាការគាំទ្រយ៉ាងរឹងមាំរបស់ខ្លួនសម្រាប់អ៉ីស្រាអែល ប៉ុន្តែក៏បានចាប់ផ្តើមអំពាវនាវផងដែរ ឱ្យមានអ្វីដែលហៅថា «ការផ្អាកការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ក្នុងបុព្វហេតុមនុស្សធម៌ ឬ temporary humanitarian pauses» ដើម្បីអនុញ្ញាតឱ្យជំនួយចូលទៅកាន់តំបន់ Gaza៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN