ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្គាហ្សាទាំងមូលក្រោយសង្រ្គាមបញ្ចប់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អ៉ីស្រាអែលនៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា បានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា (Gaza City) នៅក្នុងសង្រ្គាមមួយដែលលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្ដេជ្ញាកម្ទេចក្រុមហាម៉ាស់និងគ្រប់គ្រងសន្តិសុខលើតំបន់ហ្កាហ្សាទាំងមូល ក្រោយពីសង្រ្គាមបញ្ចប់។
សង្រ្គាមរវាងអ៉ីស្រាអែលនឹងហាម៉ាស់បានឈានចូលខែទី២ហើយ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានផ្សាយតាមទូរទស្សន៍ថាកងទ័ពអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការដោយមានភាពរីកចម្រើនទៅមុខ ចំកណ្ដាលបេះដូងនៃទីក្រុងហ្កាហ្សា និងកំពុងបង្កការលំបាកដល់ក្រុមហាម៉ាស់។
បើតាមលោក Gallant មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស់ ឈ្មោះ Yahya Sinwar និងជាអ្នកនៅពីក្រោយការសម្រេចចិត្តបើកការវាយប្រហារលើអ៉ីស្រាអែល កំពុងជាប់នៅក្នុងលេណដ្ឋាន និងត្រូវបានកាត់ផ្ដាច់ពីកងកម្លាំងរបស់ខ្លួន រីឯទីបញ្ជាការរបស់មេដឹកនាំហាម៉ាស់រូបនេះក៏កំពុងទន់ខ្សោយផងដែរ។ ប៉ុន្តែក្រុមហាម៉ាស់មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេពាក់ព័ន្ធនឹងជោគវាសនារបស់លោក Sinwar។
ខណៈដែលអ៉ីស្រាអែលអះអាងពីភាពរីកចម្រើននៃការវាយលុក ក្រុមហាម៉ាសឯណោះវិញក៏បានអះអាងដែរថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានបង្កការខាតបង់ធ្ងន់ធ្ងរ និងបង្អាក់ដំណើរទៅមុខរបស់កងទ័ពអ៉ីស្រាអែល។ ភ្លាមៗ គេមិនទាន់អាចបញ្ជាក់ពីការអះអាងរបស់ភាគីទាំងសងខាងបាននៅឡើយទេ ស្របពេលបើតាមក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលាមក បានកើនដល់ជាង ១០០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិលដែលមានកុមារ ៤០ភាគរយនៃអ្នកស្លាប់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖