ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើនរបស់សមាគមនៅក្រោមម្លប់សន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាការបង្ហាញនូវភាពរីកចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ក្រោមប្រធានបទ ស្រមៃមើលឱកាស នាថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាព និងឯកភាពជាតិនៅកម្ពុជា។

សម្តេចបានបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នា ពិនិត្យវឌ្ឍនភាព និងទទួលដឹងឮពីសមិទ្ធផល ដែលសមាគមមិត្ត កាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានកន្លងមក លើការងារជួយកុមារី យុវតី ស្ត្រីវ័យក្មេង នៅទូទាំងពិភពលោកឲ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យ អាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខបានកាន់តែប្រសើរឡើង។

ទន្ទឹមនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ចាក់ថារាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមជាមួយនឹងការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល៕

ដោយ ៖ សហការី


ចែករំលែក៖