ខេត្តបាត់ដំបង ៖ ដោយក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបានពត៌មានពីបណ្តាញសង្គម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានចាត់ដល់ស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វផ្សាយពីការយកសំបកការ៉ុងស្ពាយ ធ្វើជាកាបូបទៅសាលាដែលមានលោកពុកឈ្មោះចក់ អ៉ីម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះហោ ណារ៉ា អាយុ៣៦ឆ្នាំ មានជំងឺសតិអារម្មណ៍ មានកូន៣នាក់ក្មួយស្រីជាកូនទី២ក្នុងចំណោមបងប្អូណទាំង៣ ស្ថិតនៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារក្មួយៗ។ លោកបានបញ្ជាក់ថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីបានឃេីញព័ត៌មានមួយនេះមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាពន់ពេក ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តឱ្យខិតខំតស៊ូប្រឹងប្រែង រៀនសូត្រ តទៅមុខទៀតដេីម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ»។ ជាមួយគ្នានេះ លោក បានថ្លែងកោតសរសើរចំពោះកុមារីដែលបានខិតខំតស៊ូក្នុងការសិក្សាទោះបីជីវភាពគ្រួសារខ្វះខាតយ៉ាងណាក៏ដោយ សូមកុមារីត្រូវចេះថែរក្សាសុខភាព ព្រោះការសិក្សានិងសុខភាពត្រូវដើរទន្ទឹមគ្នា ។
ជាកិច្ចឆ្លេីយតប ក្រុមគ្រួសារខាងលេី បានសម្តែងនូវក្តីរំភើបក្តុកក្តួលដល់ស្រក់ទឹកភ្នែក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ បានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកក្នុងជីវភាពដែលកំពុងជួបប្រទះចំពោះមុខមានដូចជា អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា សម្ភារៈសិក្សាកង់ និងថវិកាមួយចំនួនផងដែរ ៕
ដោយ ៖ សហការី