ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដោយមានការអនុញាត និងណែនាំដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុងពិធី «ដើរដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង» ដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការគាំទ្រពីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល រួមសហការឧបត្ថម្ភពីវិស័យឯកជន និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋជាង២០០នាក់។
នៅក្នុងពិធីនេះក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋលេខាធិការបានលើកឡើងពីអត្តប្រយោជន៏នៃការធ្វើលំហាត់ប្រាណទៀងទាត់ និងជាប្រចាំ និងការបរិភោគអាហារដែលមានសុវត្តិភាពសម្រាប់សុខភាពដោយចៀសវាង និងកាត់បន្ថយអាហារដែលប្រៃខ្លាំង ផ្អែមខ្លាំង ខ្លាញ់ច្រើន បារី និងគ្រឿងស្រវឹងដែលជាអាហារបង្កគ្រោះថ្នាក់ដល់សុខភាព ពីព្រោះវាជាកត្តាជម្រុញនៃការកកើតឡើងជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងជំងឺមហារីក។ល។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការផ្តល់ការបំរើសេវាសុខភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងការផ្តល់សេវាថែទាំព្យាបាល និងសេវាអប់រំសុខភាព ជាក់ស្តែងសកម្មភាពថ្ងៃនេះជាការសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាលពិសេស លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីដែលតែងតែណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទឱ្យខិតខំបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធមវិជ្ជាជីវៈ ៕
ដោយ ៖ សហការី