ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីស្រាអែលបន្តវាយប្រហារតាមដែន​អាកាសជាថ្មីទៅលើប្រទេសស៊ីរី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា យន្ដហោះចម្បាំងអ៉ីស្រាអែល បានដឹកនាំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកភេរវករនៅក្នុងប្រទេសស៊ីរី ជាការឆ្លើយតប ទៅនឹងការវាយប្រហារឆ្លងដែនមកលើតំបន់ Golan Heights។កងទ័ពអ៉ីស្រាអែលបានគូសបញ្ជាក់នៅលើបណ្ដាញ Telegram នៅថ្ងៃអាទិត្យនេះដូច្នេះថា «កាលពីប៉ុន្មានម៉ោងមុននេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារ មានគោលដៅលើតំបន់ Golan Heights កាលពីថ្ងៃម្សិលមិញ (ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា» យន្ដហោះចម្បាំងបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ ពួកភេរវករនៅក្នុងប្រទេសស៊ីរី»។
កាលពីថ្ងៃសៅរ៍ កងទ័ពអ៉ីស្រាអែលបានឱ្យដឹងថាមានគ្រាប់រ៉ុក្កែត ២គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសស៊ីរី ធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅក្នុងតំបន់ Golan Heights ហើយស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងពាសពេញតំបន់។
កាលពីថ្ងៃសុក្រកន្លងទៅនេះ កងទ័ពអ៉ីស្រាអែលក៏បានអះអាងដែរពីការវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី បន្ទាប់ពីមានយន្ដហោះដ្រូនមួយ បាញ់ចេញពីស៊ីរី បានធ្លាក់ចំសាលារៀនមួយកន្លែងនៅទីក្រុង Eilat ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល។ អ៉ីស្រាអែល បានកាន់កាប់ទឹកដីភាគច្រើននៃ តំបន់ Golan Heights ពីស៊ីរី អំឡុងសង្រ្គាម៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧ ហើយក្រោយមកទើបកាត់បញ្ចូលតំបន់នេះជាទឹកដីរបស់ខ្លួន ប៉ុន្តែមិនមានការទទួលស្គាល់ពី អន្តរជាតិនោះទេ។
បច្ចុប្បន្ន ការបាញ់ផ្លោងឆ្លងដែនដាក់គ្នាទៅវិញទៅមក នៅតែបន្តកើតមាននៅតាមបណ្ដោយព្រំដែនជាមួយប្រទេសលីបង់ ខណៈអ៉ីស្រាអែលកំពុង បង្កើនការវាយលុករបស់ខ្លួនប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា៕

ដោយ៖ ធីរីណា(រូប​ថត​៖ Pool)


ចែករំលែក៖