ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានីយផលិតពូជស្រូវទួលសំរោងកំពុងបង្កើនការផលិតពូជ និងជំរុញការប្រើប្រាស់ពូជសុទ្ធក្នុងតម្លៃសមរម្យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កសិដ្ឋានផលិតពូជស្រូវ ទួលសំរោង គឺជាស្ថានីយកសិកម្មមួយធំជាងគេក្នុងចំណោមស្ថានីយកសិកម្មរបស់អគ្គនាយកដ្ឋានកសិកម្មដែលមានទីតាំងស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង។ បច្ចុប្បន្ន​ កសិដ្ឋាននេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតគ្រាប់ពូជចំណាត់ថ្នាក់ចុះបញ្ជី ដើម្បីផ្គត់ផ្គង់ដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុន សម្រាប់ផលិតជាគ្រាប់ពូជវិញ្ញាបនបត្របន្ត។ 

នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ កសិដ្ឋានទួលសំរោងកំពុងផលិតពូជស្រូវផ្ការំដួលទំហំ១៧២ហិកតានិងសែនក្រអូប០១ទំហំ៤០ហិកតា។ ការផលិតគ្រាប់ពូជចុះបញ្ជីនេះ កសិដ្ឋានបានទទួលគ្រាប់ពូជគ្រឹះពីវិទ្យាស្ថានស្រាវ ជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ តាមរយៈការលូត លាស់របស់ដំណាំស្រូវក្នុងឆ្នាំនេះ កសិដ្ឋានអាចមាន លទ្ធភាពផលិតបានគ្រាប់ពូជចុះបញ្ជីប្រភេទផ្កា រំដួលប្រមាណ៦០០តោន និងសែនក្រអូប០១ ប្រមាណ ១៦០តោន។

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់សហគមន៍ផលិតពូជស្រូវ និងក្រុមហ៊ុនផលិតពូជ ដែលមានបំណងផលិតគ្រាប់ពូជវិញ្ញាបនបត្រ ប្រភេទផ្ការំដួល និងសែនក្រអូប០១ សូមទៅទិញគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលជាធម្មតាមានតម្លៃ ៤០០០រៀលក្នុង១គីឡូក្រាម និងលក់ជូនត្រឹមតម្លៃ ២៥០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ។ 

សូមបញ្ជាក់ផងដែរថា ការផលិតគ្រាប់ពូជចុះបញ្ជីនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាការផលិតដែលត្រឹមត្រូវតាមបច្ចេកទេស និងទទួលការត្រួតពិនិត្យ និងបញ្ជាក់គុណភាពត្រឹមត្រូវពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ការប្រើប្រាស់ គ្រាប់ពូជស្រូវសុទ្ធល្អ នឹងជួយប្រជាកសិករឲ្យទទួលបានទិន្នផលស្រូវសុទ្ធ លក់បានថ្លៃ និងកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំកសិកម្មដែលពុំចាំ បាច់មួយចំនួនថែមទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖