ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សាសនាទាំងអស់បានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំ ប៉ុន្តែជាអកុសលសាសនាទាំងអស់ត្រូវបានលុបបំបាត់ចោលនៅក្នុងរបបប្រល័យពូជសាសន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យសាសនា មានការរីកចម្រើនខ្លាំងណាស់ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសជំនឿសាសនារបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំនោះឡើយ។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គ្រប់សាសនាទំាងអស់សុទ្ធតែមានគោលបំណងអប់រំមនុស្ស ធ្វើអំពើល្អ និងការគោរពគ្នាទៅវិញទៅមក។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុ លនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ អំពាវនាវដល់ពុទ្ធបរិស័ទ និងជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូ ល្អក្នុងសង្គម៕
ដោយ ៖ សហការី