ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើទោះបីមានបទឈប់បាញ់ក៏ដោយ ក៏ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ដោយសារយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជា

ចែករំលែក៖

ប្រទេសអាស៊ែបៃហ្សង់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីជាមានបទឈប់បាញ់រវាងកម្ពុជានិងថៃក៏ដោយ ក៏បញ្ហាព្រំដែន និងការបំពានទឹកដីពីសំណាក់ទ័ពថៃនៅតែបន្តស្មុគស្មាញ និងមិនទាន់បានដោះស្រាយស្របតាមច្បាប់អន្តរជាតិនៅឡើយទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA ដែលរៀបចំធ្វើឡើងនៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាបន្តមានក្តីបារម្ភយ៉ាងខ្លាំងចំពោះវត្តមានកងទ័ពថៃ ដែលកំពុងឈរជើងកាន់កាប់ទឹកដីស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា ហើយទន្ទឹមនឹងនោះផងដែរ យន្តការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលមានចែងក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ រួមទាំងសេចក្តីថ្លែងការណ៍រួមក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម(GBC) គឺនៅមិនទាន់ត្រូវបានយកមកអនុវត្តជាក់ស្តែងនៅលើទីតាំងផ្ទាល់នៅឡើយទេ។ ហើយចំពោះការយឺតយ៉ាវនេះបានធ្វើឱ្យប្រជាពលរដ្ឋកខ្មែរជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចំពោះការយឺតយ៉ាវពន្យារពេលរបស់ភាគីថៃ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញដោយមានសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរបានឡើយ។ បើទោះបីជាបញ្ហាស្មុគស្មាញយ៉ាងណាក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយដោយសន្តិវិធីជាមួយថៃ តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិ ព្រមទាំងការការពារបូរណភាពទឹកដីរបស់ខ្លួន។ ដើម្បីឈានទៅរកការដោះស្រាយជម្លោះដោយយុត្តិធម៌ រឹងមាំ និងការរស់នៅជាមួយគ្នាដោយសន្តិវិធី កត្តាចាំបាច់រួមមាន ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេសការបោះបង្គោលព្រំដែនតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងការដាក់ចេញនូវវិធានការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖