ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ បុគ្គលឈ្មោះ សៅ សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ខេអេសស្ពែរផាត(ខេមបូឌា) ឯ.ក បានចូលខ្លួនមកបំភ្លឺករណីឆបោកប្រាក់(ស៉ីដាច់លុយ)ចំនួនជាង ២ម៉ឺនដុល្លារអាមេរិក។
យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះឈ្មោះ ឡុង សំណាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្លូវ៨៩BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងឱ្យឈ្មោះ ចន សំរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ បានដាក់ពាក្យស្នេីសុំប្តឹងឈ្មោះ សៅ សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ឆបោក ។
នារីរងគ្រោះ បាននិយាយរៀបរាប់ថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ឈ្មោះ សៅ សុខ លួងលោមឲ្យនាងខ្ញុំនិងឈ្មោះ ចន សំរ៉ុង ប្រគល់ប្រាក់ចំនួន ២២០០០$(ពីរម៉ឺនពីរពាន់ដុល្លារអាមេរិក) ដើម្បីរួមគ្នាជាមួយគាត់បើកក្រុមហ៊ុន រកស៊ីលក់ប្រេងម៉ូតូ ដោយឈ្មោះ សៅ សុខ ធានាអះអាងថា រយៈពេល០៦ខែនឹងអាចបើកដំណើរការបាន។ ដោយមានការជឿទុកចិត្ត ពួកខ្ញុំបានប្រគល់ប្រាក់ចំនួនខាងលើឲ្យទៅឈ្មោះ សៅ សុខ បើកក្រុមហ៊ុន លក់ប្រេងម៉ូតូដើម្បីទទួលបានប្រាក់ចំណេញ ។
លុះដល់ពេលកំណត់ ឈ្មោះ សៅ សុខ មិនបានបើកក្រុមហ៊ុនអ្វីទេ ពេលនោះពួកខ្ញុំបានទាក់ទង ទៅប៉ុន្តែឈ្មោះនេះបានបិទទូរស័ព្ទផ្តាច់ការទាក់ទង និងផ្លាល់ប្តូរទីលំនៅគេចវេះមិនដោះស្រាយ ។ ក្រោយមកទើប ពួកខ្ញុំបាទដឹងថា ឈ្មោះ សៅ សុខ មិនបានយកប្រាក់របស់ពួកខ្ញុំទៅបើកក្រុមហ៊ុនឡើយ គឺឈ្មោះខាងលើមាន ចេតនាឆបោកប្រាក់របស់ពួកខ្ញុំទៅប្រើប្រាស់ដោយទុច្ចរឹត ហើយគេចខ្លួនបាត់រហូតដល់ពេលបច្ចុប្បន្ន ៕
ដោយ៖ ជីណា