ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គល​ សៅ សុខ ម្ចាស់ក្រុមហ៊ុនខេអេសស្ពែរផាត(ខេមបូឌា) ឯ.ក ចូលខ្លួនមកបំភ្លឺករណីឆបោកប្រាក់ជាង​ ២ម៉ឺនដុល្លារ​ នៅក្រសួង​មហាផ្ទៃ​

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ បុគ្គល​ឈ្មោះ​ សៅ សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ខេអេសស្ពែរផាត(ខេមបូឌា) ឯ.ក បានចូលខ្លួនមកបំភ្លឺករណីឆបោកប្រាក់(ស៉ីដាច់លុយ)ចំនួនជាង​ ២ម៉ឺនដុល្លារ​អាមេរិក​។ 

យោង​តាម​ពាក្យ​បណ្ដឹង​របស់​នារីរងគ្រោះ​ឈ្មោះ ឡុង សំណាង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្លូវ៨៩BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងឱ្យឈ្មោះ ចន សំរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។​ បានដាក់ពាក្យស្នេីសុំប្តឹងឈ្មោះ សៅ សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៤ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ ឆបោក ។

នារី​រងគ្រោះ​ បាន​និយាយ​រៀបរាប់​ថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ឈ្មោះ សៅ សុខ លួងលោមឲ្យនាងខ្ញុំនិងឈ្មោះ ចន សំរ៉ុង ប្រគល់ប្រាក់ចំនួន ២២០០០$(ពីរម៉ឺនពីរពាន់ដុល្លារអាមេរិក) ដើម្បីរួមគ្នាជាមួយគាត់បើកក្រុមហ៊ុន​ រកស៊ីលក់ប្រេងម៉ូតូ ដោយឈ្មោះ សៅ សុខ ធានាអះអាងថា រយៈពេល០៦ខែនឹងអាចបើកដំណើរការបាន។ ដោយមានការជឿទុកចិត្ត ពួកខ្ញុំបានប្រគល់ប្រាក់ចំនួនខាងលើឲ្យទៅឈ្មោះ សៅ សុខ បើកក្រុមហ៊ុន លក់ប្រេងម៉ូតូដើម្បីទទួលបានប្រាក់ចំណេញ ។

លុះដល់ពេលកំណត់ ឈ្មោះ សៅ សុខ មិនបានបើកក្រុមហ៊ុនអ្វីទេ ពេលនោះពួកខ្ញុំបានទាក់ទង ទៅប៉ុន្តែឈ្មោះនេះបានបិទទូរស័ព្ទផ្តាច់ការទាក់ទង និងផ្លាល់ប្តូរទីលំនៅគេចវេះមិនដោះស្រាយ ។ ក្រោយមកទើប ពួកខ្ញុំបាទដឹងថា ឈ្មោះ សៅ សុខ មិនបានយកប្រាក់របស់ពួកខ្ញុំទៅបើកក្រុមហ៊ុនឡើយ គឺឈ្មោះខាងលើមាន ចេតនាឆបោកប្រាក់របស់ពួកខ្ញុំទៅប្រើប្រាស់ដោយទុច្ចរឹត ហើយគេចខ្លួនបាត់រហូតដល់ពេលបច្ចុប្បន្ន ៕

ដោយ៖ ជីណា


ចែករំលែក៖