ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនមុខសញ្ញាឆក់ត្រី២នាក់​ ដាក់ពន្ធនាគារខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោក ទេព សុធាវី បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ​ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)​។ 

យោងតាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងថា​ ជនសង្ស័យទាំង២នាក់ ត្រូវបានមន្រ្តីជំនាញ​ ចុះប្រតិបត្តិការបង្ក្រាប​ និងឃាត់ខ្លួនបានភ្លាមៗទី១; ឈ្មោះ ពេជ្រ ម៉ែន អាយុ៤៥ឆ្នាំ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានាក្នុងកន្លែងគ្រប់គ្រង និងការពារសត្វផ្សោត នៅស្រុកសំបូរ ហើយត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញ កោះឱ្យចូលខ្លួនដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា២ដងរួចមកហើយ ប៉ុន្តែជននេះនៅតែប្រព្រឹត្តិបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។  និងទី២;​ ឈ្មោះ ធុ លី អាយុ៤៨ឆ្នាំ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ។

ប្រភពដដែលបន្តថា​ ជនសង្ស័យចំនួន២នាក់ ក្រោយឃាត់ខ្លួន​ មន្ត្រីជំនាញ​ បានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដោយសារជាប់ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ (ឆក់ត្រី)។ ការចាប់ខ្លួននេះបានធ្វើឡើង ក្រោយកម្លាំងជំនាញរដ្ឋបាលជលផលក្រចេះ រួមជាមួយអធិការជលផលមេគង្គ គណៈកម្មការខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះល្បាតឃ្លាំមើលការប្រព្រឹត្តិបទល្មើសនេសាទ កាលពីយប់ថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្រ្តក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្ក្រចេះ។

មន្រ្តី​ខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងទៀតថា ក្រៅពីមនុស្សពីរត្រូវបានចាប់ឃាត់ខ្លួន កម្លាំងជំនាញបានសម្រេចរឹបអូសវត្ថុតាងរួមមាន៖​ ទូកស្មាច់១គ្រឿង បណ្តោយ ៥,៩ម៉ែត្រ​ ទទឹង ០,៧០ម៉ែត្រ​ ជម្រៅ០,៥០ម​៉ែត្រ;​ ម៉ាស៊ីនម៉ាកឡុងស៊ីនកម្លាំង២២សេស១គ្រឿង​ ;អាំងវែកទ័រឆក់ត្រីចំនួន២គ្រឿង (ឆក់ស្រូប១គ្រឿង និងឆក់ក្តៅ១គ្រឿង);អាគុយ៧០អាំព័រ១គ្រឿង;​ កន្ត្រងដងត្រី២គ្រឿង;​ ខ្សែកាប​ ;ខ្សែភ្លើងប្រវែង០៩ម៉ែត្រ​ និងត្រីចម្រុះនៅក្នុងទូកប្រហែល២០ គីឡូក្រាម​៕

ដោយ៖ សហការី


ចែករំលែក៖