ព័ត៌មានទាន់ហេតុការណ៍៖

Update៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹក ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និង បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា  បានមានចំណាប់អារម្មណ៍ថា កម្ពុជាជាចំណុចកណ្ដាលនៃការតភ្ជាប់ របស់បណ្ដាប្រទេសក្នុងតំបន់ជាច្រើន ព្រមទាំងជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងតំបន់។ ឯកឧត្តម បន្តទៀតថា ជប៉ុន និងកម្ពុជាបានក្លាយជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣ នេះតទៅ។ តាមរយៈសមិទ្ធផលថ្ងៃនេះនឹងរួមចំណែកយ៉ាងសំខាន់ជួយដល់កម្ពុជា ជាពិសេសការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផលិតផលរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ 

ជាកិច្ចចាប់ផ្ដើម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។ សម្ដេចបន្តថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី សម្តេចបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។

ចំពោះសមិទ្ធផលនៅថ្ងៃនេះ សម្តេចធិបតីថ្លែងថា កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។ សម្ដេចធិបតី បានបញ្ជាក់ថា ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។

នៅថ្ងៃនេះ សម្តេចធិបតី អត់មានប្រសាសន៍ថា រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព។ 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។ សម្ដេចធិបតីបន្តទៀតថា ផ្លូវជាតិលេខ ៥០C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។ សម្ដេចធិបតី ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខទៀត។

នៅថ្ងៃនេះ សម្តេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។​ សម្ដេចក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ (ខ្នងបង្អែក) ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជាទៅ និងចូលរួមគោរពច្បាប់ចរាចរ និងដើម្បីសេចក្តីសុខ សុវត្ថិភាពលើដងផ្លូវទាំងអស់គ្នា។ 

ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបងនាថ្ងៃនេះ  សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

ដោយ​៖ សហការី​


ចែករំលែក៖