ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលឃាត់ខ្លួនបុរសពីរនាក់ករណីប្រើហិង្សា

ចែករំលែក៖

    ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយុវជន២នាក់ក្នុង​ករណីហិង្សាបណ្តាលឱ្យរងរបួសលើភាគីម្ខាងទៀតត្រូវយកមកអនុវត្តតាមច្បាប់។

ករណីខាងលើនេះកើតនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង០៧​និង០៨ នាទី នៅចំណុចភូមិសំរោងក្នុង ឃុំសំរោង ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឱ្យដឹងថា ចំពោះហិង្សាខាងលើនេះអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ និង មានការសម្របសម្រួលទៅលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ  លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ឯកភ្នំ ដែលដឹកនាំដោយលោកវរ​សេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិ​ការនិងលោក វរសេនីយ៍ត្រី ណាវ សាន់តារា បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សា​ដោយចេតនាមានស្ថានទម្ងន់​ទោស ( ប្រើប្រាស់ដបកែវគប់ ) ០១ករណី និងបានធ្វើការ​នាំខ្លួនជនសង្ស័យ០២នាក់ មកកាន់ស្នងការដ្ឋាន នោះគឺឈ្មោះ ហុង គីម​ហៃ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសំ​រោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ លឹម ប៊ុនលាភ ហៅ បៀវ ភេទប្រុស អា​យុ ១៨ ឆ្នាំ មានទីលំនៅភូមិសំ​រោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

    សូមជម្រាបជូនថា​ មូលហេតុដែល​នាំដល់ការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង​ ៤៣នាទី នៅ​ចំណុចភូមិសំរោង​ក្នុង ឃុំសំរោង​ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជន​សង្ស័យទាំង០២នាក់ខាងលើ បានធ្វើសកម្មភាពឈរចាំស្ទាក់ជនរងគ្រោះដែលកំពុងជិះម៉ូតូ និងបានយកដបកែវ គប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ចំណាន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួសត្រង់សៀតផ្កាខាងឆ្វេង រយះចេញឈាម ដេរចំនួន០៨ ថ្នេរ និងហើមជាំ ។ 

    ក្រោយពីបានធ្វើសកម្មភាពគប់រួច ជនសង្ស័យទាំង០២នាក់បានពួននិងកាន់កាំបិតខ្វែវចាំកាប់ថែម​ទៀត ។

    មូលហេតុដែលបង្កអោយមានករណីខាងលើនេះកើតឡើង គឺជនសង្ស័យមានការភាន់ច្រឡំទៅលើជនរងគ្រោះថា ជនរងគ្រោះបានគប់ដុំថ្មទៅលើខ្លួនមុន ។

*វត្ថុតាងដកហូតរួមមាន៖ 

– អំបែងដបកែវ 

– កាំបិតខ្វែវ ដងដែក ចំនួន០១ដើម 

    បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖