ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញជ័យលាភីទូកទាំង៦ផែន និងជ័យលាភីសោភ័ណភាពនៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AKP​ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ បន្ទាប់ពីដំណើរការប្រណាំងយ៉ាងស្វិតស្វាយរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ត្រូវបានគណៈកម្មការបច្ចេកទេសរកឃើញជ័យលាភីទូកទាំង៦ផែន និងជ័យលាភីសោភ័ណភាព។ 

បេីតាមការ​បញ្ជាក់ពី​លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ ប្រធានគណៈមេប្រយោគនៃអនុគណៈកម្មការបច្ចេកទេស គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានក្រាបបង្គុំទូលថ្វាយរបាយការណ៍ និងរាយការណ៍ជូនថ្នាក់ដឹកនាំ និងជនរួមជាតិ កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ​ថា៖ ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ ពះព្រះខែ អកអំបុក ដែលជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អបវរ ដែលបុព្វបុរសយើងបានបន្សល់ទុក ជាកេរតំណែលតាំងពីបុរាណកាលមក រហូតមកដល់បច្ចុប្បន្ននេះ។ នៅឆ្នាំ២០២៣នេះ រាជធានី ខេត្ត ក្រុង និងស្ថាប័នក្រសួងមន្ទីរ ចំនួន២៥ នៅទូទាំងព្រះរាជាណាចក្រកម្ពុជានៃយើង បានចាត់តាំងបញ្ជូនទូកមួង ទូកង និង ទូកខ្នាតអន្តរជាតិ ចំនួន ៣៣៧ ទូក មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលក្នុងនោះមាន៖ ទូកចែវចំនួន ៤៣ (ក្នុងនោះមានទូកនារីចំនួន ១ទូក) ទូកអុំ ១៥៨ ទូក ទូកខ្នាតអន្តរជាតិ ១៣៤ទូក (ក្នុងនោះមានទូកនារីចំនួន ២ទូក) ចំណុះទូកចូលរួមអុំ និងចែវ មានចំនួនសរុប ២០ ៤១៧នាក់ ដែលក្នុងនោះមានស្ត្រី ចំនួន ១៦៥នាក់។

លោករដ្ឋលេខាធិការរូបនេះ​ បានគូសបញ្ជាក់ថា ឆ្លងកាត់ការប្រឡងប្រណាំងយ៉ាងស្វិតស្វាញ ប្រកបដោយស្មារតីសាមគ្គីភាព ភាតរភាព យុត្តិធម៌ និងស្មារតីអង់អាចក្លាហាន ផលបច្ចេកទេស មានដូចខាងក្រោម៖ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ លទ្ធផលបច្ចេកទេសរួមមាន៖ ១.ទូកអុំខ្នាតអន្តរជាតិនារី៖ ផែនលេខ១ មាន ១ទូក ផែនលេខ២ មាន ១ទូក។ ទូកអុំខ្នាតអន្តរជាតិបុរស ផែនលេខ១ មានចំនួន២២ទូក ផែនលេខ២ មាន ៤៦ទូក, ផែនលេខ៣ មានចំនួន ៤០ទូក និងផែនលេខ៤ មានចំនួន១១ទូក។ ទូកអុំនារី តាមលក្ខណៈប្រពៃណីជាតិ ផែនលេខ១ មាន១ទូក។ ទូកអុំបុរស តាមលក្ខណៈប្រពៃណីជាតិ ផែនលេខ១ មានចំនួន ១២២ទូក ផែនលេខ២មានចំនួន ២៤ទូក ផែនលេខ៣ មាន ២១ទូក និងផែនលេខ ៤ មាន១១ទូក។ទូកចែកនារី ផែនលេខ១ មាន១ទូក។ ទូកចែវបុរស ផែនលេខ១ មាន១១ទូក ផែនលេខ២ មាន១១ទូក ផែនលេខ៣ ១០ទូក និងផែនលេខ៤ មាន១០ទូក។ ឯកឧត្តមបន្តថា ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូក រួមមាន៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ ពាក់ស្លាកលេខ ១៨៣ មានចំណុះ ៧៥នាក់ មកពីខេត្តកំពង់ចាម ដោយសរុបរយៈពេល៣ថ្ងៃនេះធ្វើសម្រេចក្នុងថិរៈវេលា ត្រឹម ២៨:០៦.៣៣ នាទី។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះសម្តេចវិបុលបញ្ញាបារមីមានជ័យ ពាក់ស្លាកលេខ ២៦៧ មានចំណុះ ៧៤នាក់ មកពីខេត្តតាកែវ ក្នុង៣ថ្ងៃនេះប្រើប្រាស់ថិរៈវេលាត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ ពាក់ស្លាក់លេខ ២០៣ មានចំណុះ ៧៧នាក់ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលា ២៨:០៧.៨១ នាទី។

ចំពោះជ័យលាភីផ្នែកសោភ័ណ្ឌភាពត្រូវបានវាយតម្លៃថា ឆ្លងកាត់ការប្រណាំងរយៈពេលបីថ្ងៃកន្លងមកនេះគណៈកម្មការសោភ័ណភាព និងវាយតម្លៃភាពបានរកឃើញថា ទូកដែលមានក្បូរក្បាច់រចនាសោភ័ណ្ឌភាពលក្ខណៈសម្បត្តិល្អ គោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូ និងមានសាមគ្គីភាព និងមិត្តភាពបានល្អប្រសើរជាងគេ ហើយត្រូវបានទទួលរង្វាន់ជ័យលាភីផ្នែកសោភ័ណភាព មានចំនួន៣ទូកគឺ១. ទូកអុំបុរសឈ្មោះ ច័ន្ទវង្សាមហាសែនតេជៈ ពាក់ស្លាកលេខ ២១២ ជាទូកអុំបុរសមកពីរាជធានីភ្នំពេញ។ ២. ទូកអុំបុរសឈ្មោះ ផ្ការាំស័ក្កសិទ្ធ ពាក់ស្លាកលេខ២៨៦ ជាទូកអុំបុរស មកពីខេត្តកណ្តាល និង៣. ទូកអុំបុរសឈ្មោះ តេជោកែវវិជ័យបារមីចៅសែន ពាក់ស្លាកលេខ១៩៣ ជាទូកអុំបុរស មកពីខេត្តពោធិ៍សាត់។

លោក ប៊ូ ជុំសេរី បានកំណត់បង្ហាញនូវការសន្និដ្ឋានថា នៅឆ្នាំនេះគណៈកម្មការបច្ចេកទេស បានសង្កេតឃើញថា ដោយសារម្លប់សន្តិភាពពេញលេញ និងពិតប្រាកដ ប្រជាពលរដ្ឋយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះប្រខែ អកអំបុក ដែលជាការបញ្ជាក់អំពីការគាំទ្រយ៉ាងមោះមុតចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដ៏បវររបស់យើង៕

ដោយ​៖ សហការី​


ចែករំលែក៖