ខេត្តបាត់ដ៏បង៖ ប្រភពឃើញហេតុការណ៍បានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុមទី០៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ស សាម៉ុន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជានាយប៉ុស្តិ៍នគរបាលកំពង់ព្រៀង។
មុនពេលកើតហេតុជនរងគ្រោះបានបើកបរម៉ូតូស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ នប ១.៩៧៧៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចគ្រោះថ្នាក់ខាងលើក៏វាក់អឺនឹងរថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ពាក់ផ្លាកលេខ បាត់ដំបង ៣A.៣៤៤២ ដែលឈប់ចតនៅស្ងៀមអែបគន្លងខាងស្តាំកំពុងឡើងស្រូវ ហើយភ្លាមៗនោះអ្នកបើកបរបានគេចខ្លួនបាត់។
ប្រភពជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានចុះពិនិត្យហើយបញ្ជាក់ថា÷ រថយន្តហ៊ីយ៉ានដាយដឹកស្រូវខាងលើឈប់លើដងផ្លូវដោយមិនមានសញ្ញាផ្ដល់ដំណឹង ទើបបណ្តាលឱ្យម៉ូតូជនរងគ្រោះដែលបើកស្របទិសគ្នាបានបុកពីក្រោយពេញទំហឹងតែម្តង។ ក្រោយពីការពិនិត្យរួច សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត