ព័ត៌មានទាន់ហេតុការណ៍៖

មិនរាងចាលមែន..! ធ្លាប់ជាប់គុក២ដងហេីយ​ ចេញមកវិញលួចរថយន្ត ​Range Rover បានសម្រេច​ តែនៅជាប់ខ្នោះសមត្ថកិច្ចដដែល​

ចែករំលែក៖

ភ្នំពេញ​ ៖ កម្លាំងសមត្ថកិច្ច​ នៃអធិការដ្ឋានខណ្ឌដង្កោបានធ្វេីការឃាត់ខ្លួន​ជនសង្ស័យម្នាក់​ បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក​ Range Rover បានសម្រេចហើយជិះគេចខ្លួនទៅបុករះរថយន្ត២គ្រឿងផ្សេងទៀតកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    បេីតាមលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ​ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ គង់​ វិច្ឆ័យ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ បូរីកម្មករ​ សង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ ធ្លាប់ជាប់គុកពីរលើកពាក់ព័ន្ធបទល្មើស«ប៉ុនប៉ងមនុស្សឃាតនិងករណីឆក់ » និងលើកនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត។ 

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយជនសង្ស័យបានឆ្កឹះទ្វារ រថយន្តម៉ាក Range Rover ពណ៌ប្រផេះពាក់ស្លាកលេខ កម្ពុជា LNL 7979 លួចជិះគេចទៅបុករថយន្តពីរគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏បានរាយការណ៍ដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ​។ 

      ក្រោយកេីតហេតុ​ម្ចាស់រថយន្ត២គ្រឿង​ដែលរងការខូចខាតដោយសារជនសង្ស័យបេីកបុកនោះ​ មិនបានប្តឹងផ្តល់នោះទេ​ដោយសុំយករថយន្តទៅជួលជុលនិងធ្វេីដំណេីរធម្មតា​ ។ ចំណែក​ម្ចាស់រថយន្តម៉ាកRange Rover​ បានមកដាក់ពាក្យដេីម្បីអោយសមត្ថកិច្ចបន្តនីតិវិធីទៅលេីជនសង្ស័យទៅតាមផ្លូវច្បាប់​ ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរូបនោះទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖