ភ្នំពេញ ៖ សម័យវះកាត់ លុបបំបាត់អំពើពុករលួយ បក្សពួកនិយម មន្ត្រីរាជការ មានភាពក្លាហាន ហ៊ានចេញមុខប្តឹងប្រធានមន្ទីររបស់ខ្លួន ដើម្បីអោយមានការផ្លាស់ប្ដូរតំណែង គឺមិនធម្មតាទេ សម័យវះកាត់ ! មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ក្លាហានណាស់ប្តឹងរដ្ឋមន្ត្រី សូមដកតំណែង ប្រធានមន្ទីរ ។ នេះបើយោងតាមលិខិតចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននូវ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងលិខិតដាក់គោរពជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា: ខ្ញុំបាទ- នាងខ្ញុំ ទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ តាមរយៈ លោកអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ គឺកម្មវត្ត : សំណើសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
ដោយមន្ត្រីស្ទើរទាំងមន្ទីរបានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថា : ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩) របស់លោក អាង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីររូបនេះ ធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ ការងារ ដូចជាៈ
-គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោង មានតែការគំរាមកំហែង សម្ដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមទាំងអស់ និងអែបអបសំដែងជាមួយអ្នកធំ ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុសបែរជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯង។
-កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយនិយាយ ថាពួកគាត់ចុះវាស់មុខជាបានទទួលផលប្រយោជន៍ពីប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រី ក្នុងការផ្តល់សេវាសាធរណៈជូនប្រជាពលរដ្ឋលើការងារចុះបញ្ជីដីធ្លី (ដំណើរការយឺតយ៉ាវ)
នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំបន់៣ នៃទន្លេសាបក្នុងភូមិសាស្ត្រក្នុង ខេត្តបន្ទាយមានជ័យ ធ្វើការបែងចែកក្នុងឯកសារចុះហត្ថលេខាបើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន៧ លានរៀល ជាក់ស្តែងកាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្តែងបានតែ ២ លានរៀល… ប៉ុណ្ណោះ
-តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ៥$ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លងត្រឹមត្រូវលើទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយចំនួន ១០០% លើការចុះហត្ថលេខាចេញដីកាអមលើកទី២ ជំនួស ដីកាអមលើកទី១ ដែលអស់សុពលភាព ពុំមានការលើកចិត្តដល់មន្ត្រីរាជការដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស។
-ឲ្យមន្ត្រីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះហត្ថលេខានៅពេលចុះបេសកកម្មក្រៅខេត្ត
-ការបំបែកក្បាលដី ក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តម្រូវឲ្យម្ចាស់បុរី ឬម្ចាស់ ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួនជាមុនសិនទើបធ្វើអាចបំបែកក្បាលដីបាន ប្រសិនបើចរចា គ្នាមិនត្រូវគឺមិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ ជាក់ស្តែងប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែក ឃើញពីចំនួន ០៧ក្បាលដី ដែលធ្វើមហាជនដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យប៉ះពាល់កិត្តិយសដល់មន្ទីរ ក៏ដូចជាក្រសួងផងដែរ។
-ការដោះស្រាយទំនាស់ដីធ្លីបែរជាទទួលបានចំណែកដីពីការដោះស្រាយទៅវិញធ្វើឲ្យភាគី និងមហាជន អស់ជំនឿលើការដោះស្រាយ និងប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក់ស្តែងលោក ប្រធានមន្ទីររូបនេះទទួលបានដីចំនួន ០៥ ក្បាលដី មានលេខ: ០១០៤០៥០៥-០៣១៥ ,០១០៩០៥១៣-១០៤១ , ០១០៩០៥១៣-១០៤២ ,០១០៩០៥១៣-១០៤៣,០១០៩០៥១៣-១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់ សម្តេចតេជោហ៊ុនសែន បានលើកឡើងថាការដោះស្រាយទំនាស់កុំឲ្យមានផលប្រយោជន៍ក្នុងនោះ ការអនុវត្តន៍នីតិវិធីលើការសុំប្ដូរប្រភេទនៃការប្រើប្រាស់ដី និងការស្នើសុំបង្រួមក្បាលដីមានជាលក្ខណៈ ដាច់ដោយដុំ ខុសពីការណែនាំដែលមាននៅក្នុងសៀវភៅកម្រងឯកសារ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងឺសំណង់ ប្រើប្រាស់មន្ត្រីស្ម័គ្រចិត្តរត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន ពាក់ស្រោមមុខថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកអួត គំរាមកំហែងមន្ត្រី ក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។
អស់រយៈ៤ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបខិតខំ បំពេញការងារអស់ពីសមត្ថភាពរៀងៗខ្លួនហើយ ក៏នៅតែខុស និងស្តីបន្ទោសរហូត ដែលបណ្តាលឲ្យមន្ត្រីសព្វថ្ងៃបាក់ទឹកចិត្តក្នុងការបំពេញការងារ និងពុំអាចស៊ូទ្រាំចំពោះទង្វើទាំងអស់របស់បុគ្គលរូបនេះលែងបានតទៅទៀត។ ហេតុដូច្នេះហើយទើប ខ្ញុំបាទ-នាងខ្ញុំ សម្រេចចិត្តគោរពស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាធ្វើការផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទថា : ចំពោះបញ្ហាដែលមន្ត្រីប្ដឹងខ្ញុំនេះ ខាងក្រសួងបានចាត់ចែងហើយ ក្នុងនោះបានឲ្យក្រុមអធិការកិច្ច ចុះមកធ្វើការ តាមដំណាក់កាលៗ រាល់ថ្ងៃនេះ ។
លោកប្រធានមន្ទីរ ក៏បានសុំទោសមិនបានធ្វើអត្ថាធិប្បាយច្រើន ដោយសារមានភារកិច្ចកំពុងជាប់ប្រជុំនៅអង្គភាព។
ដោយឡែកថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ ថា : រឿងនេះខាងក្រសួងបានធ្វើការផង និងកំពុងពិនិត្យពិចារណាផងថា តើលិខិតនេះពិតប្រាកដឬមួយយ៉ាងណា ! ៕
ដោយ ៖ វណ្ណា