ភ្នំពេញ ៖ អនុវត្តតាមស្មារតីជំនួបរវាង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និង លោក ឧត្តមសេនីយ៍ទោ DAVID NEO មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី និងដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានធ្វើជាម្ចាស់ផ្ទះកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program)។
កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) មានរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នារវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ (24th ACAMM) នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ។
នៅក្នុងអំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នឹងចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ហើយនិងទស្សនកិច្ចការងារនៅបណ្តាអង្គភាពដូចជា បញ្ជាការដ្ឋានទ័ពពិសេស បញ្ជាការដ្ឋានវិស្វកម្ម កងពលតូចលេខ៧០ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក យោធភូមិភាគទី៤ សាលាហ្វឹកហ្វឺនសង្រ្គោះមិត្តភាព កម្ពុជា-ជប៉ុន ក្រុងព្រះសីហនុ និង វិទ្យាស្ថានកងទ័ពជើងគោក អគ្គបញ្ជាការ។ ទន្ទឹមនិងនេះ ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី ក៏នឹងធ្វើបទបង្ហាញអំពី ការនុវត្តកាតព្វកិច្ចយោធា និង ការជ្រើសរើសកងទ័ពពិសេស នៅកងពលតូចលេខ៧០ កងទ័ពជើងគោក ផងដែរ។
គូសបញ្ជាក់ផងដែរថា កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) គឺជាការផ្លាស់ប្តូរលើកទី១ រវាងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី។
ដោយ ៖ សហការី